ញូដេលី ៖ នៅរសៀលនេះ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសរកឃើញ អ្នកឆ្លង COVID-19ថ្មីចំនួន៦,៥៦៦នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះបានធ្វើឲ្យចំនួនករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសឥណ្ឌា កើនដល់១៥៨,៣៣៣នាក់។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ។
ក្នុងរយៈពេលដូចគ្នានេះក្រសួងសុខាភិបាលឥណ្ឌា ប្រកាសថាអ្នកជំងឺ COVID-19 ចំនួន ១៩៤នាក់ថែមទៀតបានបាត់បង់ជីវិត ដែលនាំឲ្យចំនួនអ្នកស្លាប់នៅប្រទេសឥណ្ឌាកើនឡើងដល់៤,៥៣១នាក់។ ជាមួយគ្នានេះ អ្នកជំងឺសរុប៦៧,៦៩២នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយទទួលការព្យាបាលបានជាសះស្បើយឡើងវិញ ខណៈ៨៦,១១០នាក់ កំពុងបន្តសម្រាកព្យាបាល។
សូមជម្រាបថា គិតត្រឹមថ្ងៃនេះគឺជាថ្ងៃទី៦៥ហើយនៃការអនុវត្តវិធានការបិទប្រទេសឥណ្ឌា ហើយត្រូវបានពន្យាររហូតទៅដល់ថ្ងៃទី៣១ ខែឧសភានេះ៕