ចិន​ឌឺដង​អាមេរិក​ករណី​បាតុកម្ម​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2020 ក+ ក-

បរទេស ៖ អ្នកសារព័ត៌មាន​ចិន​បាន​ផ្សព្វផ្សាយ​នូវ​ការប្រៀបធៀប​តាមរបៀប​ឌឺដង​ទៅ​អាមេរិក ទាក់ទង​ចលនា​បាតុកម្ម​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍​នៅ​សហរដ្ឋអាមេរិក ធៀប​ទៅនឹង ចលនា​ទាមទារ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​ហុងកុង។ នេះ​បើ​យោងតាម​ការចុះផ្សាយ​កាលពី​ម្សិលមិញ​របស់​សារព័ត៌មាន​ចិន​។​

​សារព័ត៌មាន​ចិន​បាន​ផ្សាយ​ថា តាមរយៈ​ព្រឹត្តិការណ៍​បាតុកម្ម​ប្រឆាំងនឹង​ការរើសអើង​ពណ៌​សម្បុរ នៅ​សហរដ្ឋអាមេរិក ដែល​បណ្តាលឱ្យ​មានការ​ដុតបំផ្លាញ​ឡាន​ប៉ូលិស​, ដុត​ហាង​ទំនិញ​, វាយតប់​ប្រឈមមុខ​ដាក់គ្នា​រវាង​ប៉ូលិស​និង​ហ្វូង​បាតុករ​, ការចាប់​ឃុំខ្លួន​ក្រុម​បាតុកម្ម​ច្រើន​រយ​នាក់ ហើយ​ក៏មាន​ស្លាប់​មនុស្ស​ផង​នោះបាន​បង្ហាញថា សិទ្ធិមនុស្ស​នៅ​អាមេរិក ជាការ​បន្លំ​បំភាន់​ភ្នែក​តែប៉ុណ្ណោះ​។​

​យោងតាម​កាសែត​ចិន Global Times ស្និទ្ធ​នឹង​បក្សកុម្មុយនិស្ត​ចិន បាន​ប្រៀបធៀប​ពី ចលនា​បាតុកម្ម​ប្រឆាំងនឹង​ស្អប់ខ្ពើម​ពូជសាសន៍​នៅ​សហរដ្ឋអាមេរិក ធៀប​ទៅនឹង ចលនា​ទាមទារ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​ហុងកុង ដែលមាន​ចំណុចរួម​ដែរ គឺ​ហិង្សា​ដុតបំផ្លាញ​ចេញ​ភ្លើង​។ កាសែត​ចិន​ជា​ភាសា​អង់គ្លេស​នេះ បាន​រម្លឹក​ដាក់​ផ្លែផ្កា​ថា «​មាន​ម្តងនោះ ប្រធានរដ្ឋសភា​អាមេរិក លោកស្រី Nancy Pelosi បាន​ចាត់ទុកថា បាតុកម្មហិង្សា​នៅ​ហុងកុង គឺ​ស្រស់ស្អាត ជា​ឆាក​ដ៏​គួរឱ្យ​ចង់​គយគន់​។ ម្តងនេះ ទិដ្ឋភាព​ស្រស់ស្អាត​ដ៏​គួរឱ្យ​ចង់​គយគន់​នេះ បាន​ទៅដល់​រដ្ឋ​មួយចំនួន​របស់​អាមេរិក​វិញ​ហើយ​។ អ្នកនយោបាយ​អាមេរិក​អាច​មើល ទិដ្ឋភាព​ស្រស់ស្អាត​នេះ ពី​បង្អួច​តែម្តង​៕