ជប៉ុន​កំពុង​ពិចារណា​បើកទ្វារ​ព្រំដែន​ឡើងវិញ​សម្រាប់​ជនបរទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 June, 2020 ក+ ក-

ជប៉ុន ៖ ប្រទេស​ជប៉ុន​កំពុង​ពិចារណា​បើក​ព្រំដែន​របស់ខ្លួន​ឡើងវិញ​ដល់​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ដែលមាន​អត្រា​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ទាប ខណៈដែល​ខ្លួន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ដែល​បានដាក់​កាលពីដើម​ឆ្នាំនេះ​ដើម្បី​គ្រប់គ្រង​ការផ្ទុះ​ឡើង​នៃ​វីរុស។​

​នៅពេល​សាលារៀន រោងកុន ក្លឹប​កីឡា និង​ហាង​លក់ទំនិញ​បាន​បើក​ដំណើរការ​ជាថ្មី​នៅ​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃ​ចន្ទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា រដ្ឋាភិបាល​ក៏​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​មកពី​ប្រទេស​ថៃ វៀតណាម អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់​ចូលមកក្នុង​ប្រទេស​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ។ ​ប៉ុន្តែ​មិនទាន់មាន​ការអត្ថាធិប្បាយ​ភ្លាមៗ​ណាមួយ​ពី​ក្រសួងការបរទេស​នៅឡើយ​ទេ។​

​នៅក្នុង​ប្រទេស​ជប៉ុន​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រហែលជា១៧ពាន់​ករណី និង​មាន​អ្នកស្លាប់​ប្រមាណ៩០០នាក់។ ចាប់តាំងពី​ខែកុម្ភៈ​ប្រទេស​ជប៉ុន​បាន​ហាមឃាត់​ការចូល​របស់​ជនបរទេស​ដើម្បី​កំណត់​ការរីក​រាលដាល​នៃ​វីរុស​ពី​ភ្ញៀវទេសចរ​បរទេស។​

​ដោយ​ដកស្រង់​ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ​កាសែត Asahi Shimbun បាន​និយាយថា រដ្ឋាភិបាល​កំពុង​ពិចារណា​ក្នុងការ​អនុញ្ញាត​ឲ្យ​អ្នកធ្វើ​ជំនួញ​មកពី​ប្រទេស​ចំនួន​បួន​ចូល​ប្រសិនបើ​ពួកគេ​ធ្វើតេស្ត​អវិជ្ជមាន​សម្រាប់​ជំងឺ COVID-19 ក្នុងការ​ធ្វើតេស្ត​ដាច់ដោយឡែក​ចំនួន​ពីរ​ដែល​ធ្វើឡើង​នៅពេល​ចាក​ចេញពី​ប្រទេស​កំណើត​របស់​ពួកគេ និង​មកដល់​ជប៉ុន។​

​កាសែត​នេះ​បាន​និយាយថា នៅពេល​ត្រូវបាន​អនុញ្ញាត​ចូលក្នុង​ប្រទេស ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​នឹងត្រូវ​បានដាក់​កម្រិត​ក្នុង​តំបន់​រួមទាំង​កន្លែង​ស្នាក់នៅ ការិយាល័យ​ក្រុមហ៊ុន និង​រោងចក្រ ខណៈដែល​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​នឹងត្រូវ​ហាមឃាត់។​

​រួមជាមួយ​ប្រទេស​ជប៉ុន​ក្នុងនោះ​ប្រទេស​ថៃ វៀតណាម អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់​គឺជា​សមាជិក​នៃ​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP-11) ហើយ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រឹងមាំ​ជាមួយ​ប្រទេស​ជប៉ុន។​

​យោងតាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹងថា តំបន់​អាស៊ីអាគ្នេយ៍​មានការ​ឆ្លង​ជំងឺ COVID-19 ចំនួន ៤.៤ ភាគរយ​ពោល​ទាប​ជាង​អាមេរិក ឬ​អឺរ៉ុប​ដែល​អត្រា​ក្នុង​ទ្វីប​នីមួយៗ​មាន​ប្រហែល ៤០ ភាគរយ៕