ភ្នំពេញ ៖ ទោះបីជាកម្ពុជា ជួបវិបត្តិដោយសារជំងឺកូវីដ ១៩ក្ដី តែការប្រមូលថវិកាជូនរដ្ឋនៅតែកើនឡើង បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ ខណៈការចំណាយរបស់រដ្ឋក៏មានការកើនឡើងខ្ពស់ផងដែរ ក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២០ នេះ ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអោយដឹងថា ក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២០នេះចំណូលរដ្ឋបាលថ្នាក់ជាតិសរុបអនុវត្តបានប្រមាណជាង២ពាន់លានដុល្លារអាមេរិក ស្មើនឹង៣៣,៨៩ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២០ ហើយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩កន្លងទៅឃើញថាមានកំនើនប្រមាណ១០,២៩ភាគរយ ។ ចំណូលទាំងនេះ បានមកពី ចំណូលពន្ធដែលមានប្រមាណ៨៤,៦៤ភាគរយ ចំណូលផ្សេងៗទៀតបាន១១,៤៦ភាគរយនិងចំណូលដែលបានមកពីអំណោយមានប្រាណ៣,៩០ភាគរយ ។
ក្នុងរបាយការណ៍ក៏បានបង្ហាញពីចំណាយក្នុងខែមេសា កន្លងទៅនេះជាគោលដោយរយៈពេលមួយខែ ចំណូលរដ្ឋបាលថ្នាក់ជាតិអនុវត្តបានប្រមាណ២,៦ទ្រីលានរៀល ឬស្មើនឹងប្រមាណជាង៥០០លានដុល្លារអាមេរិក កើនឡើង១៤,៤៤ភាគរយបើធៀបនឹងខែមេសា ឆ្នាំមុន ។ តែយ៉ាងណាក៏ដោយបើនិយាយចំណាយក្នុងខែមេសា វិញ ឃើញថារដ្ឋបានចំណាយប្រមាណ២,០១ទ្រីលានរៀលផងដែរ ហើយការចំណាយនេះបើធៀបនឹងខែមេសាឆ្នាំមុនឃើញថាមានកំណើនដល់ទៅ៤០,៩៥ភាគរយ ។
ក្នុងរបាយការណ៍នេះក៏បានបង្ហាញពីការចំណាយសរុបរបស់រដ្ឋក្នុងរយៈពេល៤ខែកន្លងទៅនេះដែរ គឺក្នុងរង្វង់ប្រមាណ៧,២៩លានរៀលស្មសើនឹង២៥,៤៣ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២០ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន ឃើញថាមានកំណើន៣១,៥៦ភាគរយ ។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ការអនុវត្តចំណូលថវិការដ្ឋបាលថ្នាក់ជាតិនៅតែទទួលបានលទ្ធផលល្អប្រសើរ ស្របពេលចំណាយរបស់រដ្ឋក្នុងរយៈពេល៤ខែនេះក៏មានសន្ទុះគួរអោយកត់សម្គាល់ផងដែរ ។ទោះបីជាការអនុវត្តចំណូលនិងចំណាយសរុបមានភាពល្អប្រសើរក៏ដោយ តែកម្ពុជានឹងមានផលប៉ះពាល់ដល់ការអនុវត្តថវិការដ្ឋបាលថ្នាក់ជាតិក្នុងឆ្នាំ២០២០ផងដែរ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩ ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២០នេះ រាជរដ្ឋាភិបាលប្រកាសលើកលែងនូវការយកពន្ធលើវិស័យមួយចំនួនដោយសារតែផលប៉ះពាល់បណ្ដាលមកពីជំងឺកូវីដ១៩ ក្នុងនោះដូចជាការលើកលែងពន្ធលើសណ្ឋាគារ និងផ្ទះសំណាក់ក្នុងរាជធានី និងខេត្តមួយចំនួន លើកលែងមួយឆ្នាំពេញលើការបង់ពន្ធប្រថាប់ត្រាពីការទិញលក់លំនៅឋានតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិក ជាដើម ដែលទាំងនេះ ក៏ជាផ្នែកមួយនៃការបាត់បង់ចំណូលរបស់រដ្ឋផងដែរ ៕