ឥណ្ឌា ៖ អាជ្ញាធរក្រុងដេលីបានព្រមានកាលពីថ្ងៃអង្គារថា ពួកគេរំពឹងថា ករណីឆ្លងវីរុសកូរ៉ូណានៅក្នុងរដ្ឋធានីឥណ្ឌានឹងកើនឡើងជិត២០ដងពោលជាងកន្លះលាននាក់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ប្រទេសឥណ្ឌាកំពុងបន្ធូរបន្ថយការបិទប្រទេសរបស់ខ្លួនដើម្បីបន្ធូរបន្ថយវិបត្តិសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះដោយសារវីរុសនេះប៉ុន្តែជំងឺនេះនៅតែរីករាលដាលពាសពេញប្រទេសដែលមានប្រជាជនច្រើនបំផុតទី២ លើពិភពលោកដោយមានអ្នកឆ្លងប្រមាណ២៧ម៉ឺននាក់ដែលជាចំនួនឆ្លងខ្ពស់ជាងគេលំដាប់ទី ៥ នៅលើពិភពលោក។ ទន្ទឹមនោះវាត្រូវបានគេរាយការណ៍ថា មានការឆ្លងថ្មីជិត១ម៉ឺននាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែលភាគច្រើននៅក្នុងទីក្រុងធំៗដូចជា ទីក្រុងម៉ុមបៃ និងទីក្រុងដេលី។
លោក Manish Sisodia ឧបនាយករដ្ឋមន្ត្រីទីក្រុងដេលីបាននិយាយ បន្ទាប់ពីកិច្ចប្រជុំនៃវិបត្តិមួយនេះថា អាជ្ញាធររំពឹងថាការឆ្លងនឹងកើនឡើងដល់៥៥ម៉ឺននាក់នៅចុងខែកក្កដាដែលកើនឡើងជិត៣ម៉ឺននាក់នាពេលបច្ចុប្បន្ន។ លោក Sisodia បានប្រាប់ក្រុមអ្នកសារព័ត៌មានថា “វានឹងមានករណីចំនួន៤៤ ពាន់ករណីនៅថ្ងៃទី១៥ ខែមិថុនា និង១០ម៉ឺនករណីនៅថ្ងៃទី៣០ ខែមិថុនា ខណៈ២២៥ពាន់ករណីនៅថ្ងៃទី ១៥ ខែកក្កដា ហើយយើងនឹងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់”។
លោកបាននិយាយថា ទីក្រុងដែលមានប្រជាជនប្រមាណ២០លាននាក់កំពុងត្រូវការគ្រែមន្ទីរពេទ្យចំនួន៨ម៉ឺនគ្រែ។ បន្ថែមពីនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលទីក្រុងដេលីកាលពីសប្តាហ៍មុនបាននិយាយថា ខ្លួនមានគ្រែប្រហែល៩ពាន់គ្រែប៉ុណ្ណោះសម្រាប់អ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណា៕