ចិន ៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃនេះ បានប្រកាសរកករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ២៨ ករណីបន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដោយក្នុងនោះមាន ២៤ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង៤ករណីទៀតជាករណីនាំចូលពីបរទេស។ នេះបើយោងតាម ការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថាក្នុងចំណោមប្រភេទករណីឆ្លងក្នុងស្រុកទាំង ២៤ ករណីខាងលើនេះ រដ្ឋធានីប៉េកាំងបានរ៉ាប់រ៉ងចំនួន ២១ ករណីតែឯង។ ចំណែកឯ ០៣ ករណីទៀតត្រូវបានរាយការណ៍ចេញពីខេត្ត Hebei ចំនួន០២ ករណី និង០១ករណីពីទីក្រុង Tianjin។
អាជ្ញាធរសុខាភិបាលចិន ក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ១៥នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,៣៩៤នាក់។
យ៉ាងណាមិញបើបូកបញ្ចូលទាំងករណីឆ្លងថ្មីៗទាំងអស់ខាងលើ បានធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨៣,២៩៣ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល ខណៈគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់នៅថ្ងៃម្សិលមិញ៕