WHO ៖ វ៉ាក់សាំង COVID-19 ​អាច​នឹងត្រូវ​ផលិត​រួចរាល់​នៅ​ដំណាច់​ឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2020 ក+ ក-

បរទេស ៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ខែមិថុនា​នេះថា ​វ៉ាក់សាំង COVID-19 រាប់រយ​លាន​ដូ​សអា​ចនឹង​ត្រូវបាន​ផលិត​នៅ​ដំណាច់​ឆ្នាំនេះ ខណៈ​ជន​ដែល​ងាយ​រងគ្រោះ​ជាងគេ គឺជា​គោលដៅ​ត្រូវបាន​កំណត់ថា ជា​អ្នកប្រើប្រាស់​ថ្នាំ​នេះ​មុនគេ​។ នេះ​បើតាម​ការចុះផ្សាយ ដោយសារ​ព័ត៌មាន CNA​។​

​ទីភ្នាក់ងារ​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ខ្លួន​បានធ្វើការ​សន្និដ្ឋាន​បែបនេះ ក៏ដោយ​សារ​តែមាន​ក្រុមហ៊ុន​ថ្នាំ​ជាច្រើន កំពុងតែ​ប្រញាប់ប្រញាល់​ក្នុង​ការផលិត​ថ្នាំ​វ៉ាក់សាំង​ប្រភេទ​នេះ ហើយក៏​ស​ង្ឈឹ​ម​ថា នៅមុន​ដំណាច់ឆ្នាំ​២០២១​ខាងមុខ អង្គការ​របស់ខ្លួន​នឹង​ទទួលបាន​ថ្នាំ​វ៉ាក់សាំង COVID-19 យ៉ាងហោចណាស់ ២​ពាន់​លាន​ដូ​ស​ដែរ​។​

​ប្រធាន​អ្នកវិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក​លោក Soumya Swaminathan បាន​និយាយថា​ក្រុម​អ្នកស្រាវជ្រាវ​កំពុងធ្វើការ​តេស្ត​វ៉ា​ក់​ប្រឆាំង COVID-19 ចំនួន​ច្រើនជាង ២០០​ប្រភេទ ទៅលើ​អ្នកស្ម័គ្រចិត្ត​នៅ​ជុំវិញ​ពិភពលោក ដោយ​ក្នុងនោះ​មាន ១០​ប្រភេទ​ត្រូវបាន​តេស្ត​លើ​មនុស្ស​។ លោកស្រី​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​“ ប្រសិនបើ​យើង​មានសំណាង​ល្អ​នោះ​នឹងមាន វ៉ាក់សាំង​មួយ​ឬ​ពីរ មុន​ដំណាច់​ឆ្នាំនេះ​”៕