អាមេរិក ៖ សហរដ្ឋអាមេរិកបានកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួន៨.៦០០នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបំពេញតំណាក់កាលដំបូងក្រោមកិច្ចព្រមព្រៀងជាមួយនិងក្រុមសកម្មប្រយុទ្ធតាលីបង់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
មេបញ្ជាការកណ្តាលសហរដ្ឋអាមេរិកលោក Kenneth McKenzie បានថ្លែងថាសហរដ្ឋអាមេរិកបានធ្វើតាមកិច្ចព្រមព្រៀងដែលខ្លួនបានសន្យាក្នុងការដកទ័ព ៨,៦០០នាក់ក្នុងរយៈពេល ១៣៥ថ្ងៃ ដែលបានចុះហត្ថលេខាកាលពីចុងខែកុម្ភៈ ជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលតម្រូវឲ្យអាមេរិកដកទ័ពឲ្យបាន ៨,៦០០នាក់មុនពាក់កណ្តាលខែកក្កដា។
កិច្ចព្រមព្រៀងនេះក៏បានទាមទារឲ្យអាមេរិកដកទ័ពទាំងអស់របស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាននៅត្រឹមខែឧសភាឆ្នាំ២០២១ ប្រសិនបើពួកតាលីបានបំពេញលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរួមទាំងការផ្តាច់ទំនាក់ទំនងជាមួយក្រុមភេរវករ។
លោក McKenzie បានអំពាវនាវឲ្យមានការបេ្តជ្ញាក្នុងការដកទ័ពទាំងអស់ចេញ ប៉ុន្តែក៏ត្រូវមានលក្ខខណ្ឌថា ចាប់ពីពេលនេះតទៅការវាយប្រហារមកលើទឹកដីសហរដ្ឋអាមេរិក នឹងមិនមានប្រភពចេញពីប្រទេសអាហ្វហ្គានីស្ថាននោះឡើយ៕