ទីប្រឹក្សា​សេត​វិមាន ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន ​បានចប់​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2020 ក+ ក-

​វ៉ាស៊ីនតោន ៖ ទីប្រឹក្សា​ពាណិជ្ជកម្ម​នៅ​សេត​វិមាន​លោក Peter Navarro បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​បាន​ចប់​ហើយ ដោយ​លោក​ផ្សារភ្ជាប់​ជាមួយ​កំហឹង​សហរដ្ឋអាមេរិក​ទៅលើ​ប្រទេស​ចិន ដែល​ត្រូវបាន​អាមេរិក​ចោទប្រកាន់ថា មិនបាន​ធ្វើការ​ព្រមាន​ឲ្យ​ទាន់ពេល ចំពោះ​ឥទ្ធិពល​ដ៏​អាក្រក់​នៃ​ជំងឺឆ្លង COVID-19​។ នេះ​បើតាម​ការចេញផ្សាយដោយសារ​ព័ត៌មាន CNA។

​នៅពេលដែល​ត្រូវបាន​គេ​សួរ​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន លោក Navarro បាន​ប្រាប់ Fox News ថា​“ វា​ចប់​ហើយ​”។ មន្ត្រីជាន់ខ្ពស់​សេត​វិមាន​ខាងលើនេះ ថែមទាំង​បាន​ចោទ​ប្រទេស​ចិន​ទៀតថា បាន​បណ្តែតបណ្តោយ​ឲ្យ​មនុស្សម្នា​ធ្វើដំណើរ​ដោយ​សេរី មកកាន់​សហរដ្ឋអាមេរិក ដើម្បី​ចម្លងជំងឺ​នេះ​មកកាន់​សហរដ្ឋអាមេរិក ដោយ​មិនមាន​ការព្រមាន​ទុកជាមុន​ជាដើម​។​

​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ចិន​បាន​ឈានដល់​ចំណុច​ទាប​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចាប់តាំងពី​ការ​រាតត្បាត​នៃ​មេរោគ​ឆ្លង​កូ​វីដ​១៩​ដែល​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន ដែល​បាន​បង្ក​ផលប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក​យ៉ាងខ្លាំង​។ ​ទោះជា​បែបនេះ​ក្តី ប្រទេស​ចិន​ជារឿយៗ បានចេញ​មុខ​ទាត់ចោល​ការចោទប្រកាន់ ពី​សំណាក់ ប្រទេស​មួយចំនួន​ជាពិសេស​អាមេរិក អំពី​ចេតនា​បង្ក​ឲ្យ​វីរុស​រីកសាយ​ភាយ​លើ​លោក​។​

​សូមជម្រាបថា នៅពេលដែល​វីរុស​កូ​រ៉ូ​ណា​ថ្មី ផ្ទុះឡើង​ដំបូង​នៅ​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​២០១៩ និង​បានសម្លាប់​ប្រជាជន​ចិន​រាប់ពាន់នាក់​ទៅហើយ ឈាន​មកដល់​ដើមឆ្នាំ​២០២០ នោះ ប្រទេស​មួយចំនួន និង​សហរដ្ឋអាមេរិក​ផ្ទាល់ ទើបតែ​មាន​ករណី​ឆ្លង​ប៉ុន្មាន​ករណី​ប៉ុណ្ណោះ ខណៈ​ការបិទ​ទីក្រុង​វូ​ហាន ដោយ​អាជ្ញាធរ​ចិន ដើម្បី​រាំងខ្ទប់​ជំងឺ COVID-19 មិន​ឆ្លង​ទៅកាន់​ខេត្ត​ផ្សេងៗ ឬ​ពិភពលោក​នោះ បែរជា​បានទទួល​ការរិះគន់​ខ្លាំងៗ​ថា ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ទៅវិញ​៕