ពិភពលោក ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធ បានកែប្រែការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចសកល ដោយសារតែវីរុសកូវីដ១៩ កំពុងបង្កការខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកលើសពីការរំពឹងទុកពីមុន។
យោងតាមការព្យាករថ្មីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២០នេះ នឹងធ្លាក់ចុះ៤,៩% ដោយបង្កឱ្យខាតបង់ជាទឹកប្រាក់ចំនួន ១២ពាន់ពាន់លានដុល្លារក្នុងរយៈពេល២ឆ្នាំ។
ការព្យាករថ្មីនេះ គឺខ្ពស់ជាងការព្យាករកាលពីខែមេសា ១,៩% ដែលនៅពេលនោះមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះតែ៣%ប៉ុណ្ណោះ។ សេដ្ឋកិច្ចអាមេរិក ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ៨% ចំណែកតំបន់ចាយប្រាក់អឺរ៉ូ នឹងធ្លាក់ចុះ១០,២% ហើយសេដ្ឋកិច្ចជប៉ុន អាចនឹងធ្លាក់ចុះ៥,៨%។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសក្នុងរបាយការណ៍ថ្មីរបស់ខ្លួនថា «ការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩ មានផលប៉ះពាល់អវិជ្ជមានទៅលើសកម្មភាពសេដ្ឋកិច្ចពិភពលោកនៅឆមាសទីមួយ នៃឆ្នាំ២០២០ ច្រើនជាងការរំពឹងទុក ហើយការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ត្រូវបានគេប៉ាន់ស្មានថា នឹងមានសភាពយឺតជាងការព្យាករពីមុន»៕