ក្រសួងការបរទេស​ក​ម្ពុ​ជា​ប្រកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ប្រទេស​ថៃ​ប្រុង ប្រយ័ត្ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 August, 2015 ក+ ក-

ភ្នំពេញ​៖នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ អ្នកនាំ ពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ប្រាប់ថា នៅ​មិនទាន់​រកឃើញថា មាន​ជនរងគ្រោះ​ខ្មែរ នៅក្នុង​គ្រោះថ្នាក់​បំផ្ទុះ​គ្រាប់បែក​ក្នុង​ក្រុង​បាងកក​នៅឡើយ​ទេ​។​ប៉ុន្តែ​ទោះជា​យ៉ាងណា បានស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើដំណើរ​កម្សាន្ត ទៅធ្វើ​ជំនួញ និង​ពិនិត្យ​សុខភាព នៅក្នុង​ប្រទេស​ថៃ​ជាដើម ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។

​ប្រភព rfi បានសរសេរថា ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ កំពុងតែធ្វើការ​ស្វែងរក​ព័ត៌មាន​បន្ថែមទៀត ថា​តើ​មាន​ពលរដ្ឋ​ខ្មែរ​រងគ្រោះ នៅក្នុង​គ្រោះថ្នាក់ ផ្ទុះ​គ្រាប់បែក​មួយ នាទី​ប្រជុំជន កណ្តាល​ទីក្រុង​បាងកក ឬ​អត់​។

យ៉ាងណាក៏ដោយ មកដល់​ព្រឹក​ថ្ងៃ​អង្គារ​នេះ មិនទាន់មាន​ការបញ្ជា​ក់ថា មាន​ពលរដ្ឋ​ខ្មែរ ស្ថិតនៅ​ក្នុងចំណោម​ជនរងគ្រោះ​ជាច្រើន​នាក់​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក​ជុំ ស​ន្ទ​រី​។​

​អ្នក​នាំ ពាក្យ​រូបនេះ បាន​បន្ថែមថា ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ថៃ ក៏បាន​ផ្តល់ព័ត៌មាន និង​ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​នៅ​ទីនោះ ជាពិសេស​គឺ​ពលរដ្ឋ ដែល​ធ្វើដំណើរ​កម្សាន្ត ទៅធ្វើ​ជំនួញ ឬ​ទៅពិនិត្យ​សុខភាព​ជាដើម ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ខ្លួនឯង​។ ប្រុងប្រយ័ត្ន ដោយ​មិនត្រូវ​ទៅ​ទីប្រជុំជន ដែលមាន​មនុស្ស​ច្រើន​កកកុញ ព្រោះថា​ភេរវជន ចូលចិត្ត​បង្ក​មុខសញ្ញា​គ្រោះថ្នាក់​នៅ​កន្លែង​ប្រភេទ​នេះ​។​

​លោក​ជុំ ស​ន្ទ​រី បាន​ឲ្យ​ដឹងថា ទោះ​ជាមាន​ហេតុការណ៍​យ៉ាងនេះ​ក្តី ក៏​កម្ពុជា មិនទាន់​ចេញ​ជាការ​ហាមប្រាម​ពលរដ្ឋ​ខ្មែរ មិន​ឲ្យ​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​នោះដែរ​។ ក្រសួង និង​ស្ថានទូត ត្រូវការ​ប្រមូល​ព័ត៌មាន​ពី​ស្ថានការណ៍​ជាក់លាក់ ឲ្យ​បាន​ជាមុនសិន​។ ហើយ​កម្ពុជា នឹង​បន្ត​ស៊ើប​ពី​មូលហេតុ​នៃ​រឿងនេះ ជាមួយនឹង​ព្រះរាជាណាចក្រ​ថៃ ព្រោះ​មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន ក៏បាន​នឹង​កំពុង​រស់នៅ និង​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​ផងដែរ​។​

​គួរ​ជម្រាបជូន​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត ៧​យប់ ថ្ងៃ​ចន្ទ​ម្សិលមិញ ម៉ោង​ក្នុងស្រុក មាន​ករណី​ផ្ទុះ​គ្រាប់បែក​មួយ បានកើត​ឡើង នៅមុខ​ទី​ព្រះ​ភូមិ អេ​រ៉ា​វ៉ាន់ កណ្តាល​ក្រុង​បាងកក និង​ជាទី​ដែលមាន​ព័ទ្ធជុំវិញ ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំៗ​។ មនុស្ស​ជាច្រើន​នាក់ បាន​ស្លាប់ និង​រងរបួស នៅក្នុង​ហេតុការណ៍​នោះ​។ អាជ្ញាធរ​ថៃ បាន​បញ្ជាក់ថា ការ​បំផ្ទុះ​នេះ គឺមាន​ចេតនា​សំដៅ​ទៅលើ​ក្រុម​ជនបរទេស ព្រោះ​ក្នុងចំនោម​អ្នកស្លាប់​សរុប ក៏មាន​ជនបរទេស​ជិត​ពាក់កណ្តាល​ផងដែរ​។ ជនបរទេស​ទាំងនោះ ភាគច្រើន គឺជា​ជនជាតិ​អាស៊ី មកពី​ចិន ហុងកុង ម៉ាឡេស៊ី និង សិង្ហ​បុរី ៕

hbghbb