ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ការបើកប្រាក់ឧបត្ថម្ភ ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា បានចំនួនប្រមាណជា៥៣ម៉ឺនគ្រួសារ លើប្រមាណ៥៦ម៉ឺនគ្រួសារ។
ថ្លែងក្នុងសិក្ខាសាលា ស្តីពីនីតិវិធី និងដំណើរការនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សូមជូនដំណឹងដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលនៅសេសសល់មិនទាន់បានបើកប្រាក់ សូមអញ្ជើញរួសរាន់មកបើកឱ្យបានមុនថ្ងៃកំណត់ សម្រាប់ជុំទី១នេះ ដែលបានអនុវត្ដន៍ ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។
លោករដ្ឋមន្រ្ដីបានបន្ដថា សម្រាប់ប្រជាពលរដ្ឋ ដែលធ្លាប់បានបើករួចហើយនៅខែមិថុនា(ជុំទី១) ក៏សូមអញ្ជើញទៅបើកជុំទី២ នៅថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដែលនេះជាការបើកក្នុងខែទី២ (ជុំទី២) របស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមបណ្តាភ្នាក់ងារវីងតែម្តង មិនចាំបាច់ទៅឃុំ សង្កាត់ទៀតទេ។
សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានប័ណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅសាលាឃុំ សង្កាត់៕