ហាណូយ ៖ វៀតណាម កំពុងជម្លៀសមនុស្សប្រមាណ ៨ម៉ឺននាក់ចេញពីក្រុងដាណាង ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក បន្ទាប់ពីមនុស្ស៣នាក់ត្រូវបានរកឃើញថាមានផ្ទុកកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន Vietnam Express។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម ឱ្យដឹងថា ការជម្លៀសនេះ នឹងធ្វើឡើងរយៈពេលយ៉ាងហោចណាស់ ៤ថ្ងៃ ដោយបញ្ជូនចេញតាមជើងហោះហើរចំនួន១០០ ចេញពីក្រុងដាណាង ទៅក្រុងចំនួន១១ផ្សេងទៀតក្នុងប្រទេសវៀតណាម។ អ្នកដែលត្រូវជម្លៀសចេញ តម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនចំនួន ១៤ថ្ងៃ។
ជាមួយគ្នានេះ វៀតណាមក៏បានដាក់ចេញវិធានការចត្តាឡីស័កយ៉ាងតឹងរឹង និងអនុវត្តនូវការធ្វើតេស្តរកកូវីដ១៩ ជាទ្រង់ទ្រាយធំផងដែរ។
សូមជម្រាបថា កាលពីថ្ងៃអាទិត្យម្សិលមិញ វៀតណាមរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣នាក់ នៅក្រុងដាណាង និងក្រុង Quang Ngai។ នេះជាលើកដំបូងហើយក្នុងរយៈពេល ៩៩ថ្ងៃ ដែលវៀតណាមបានជួបករណីឆ្លងក្នុងស្រុក។ អាជ្ញាធរកំពុងតែស្វែងរកប្រភពនៃការចម្លងវីរុសនេះ៕