ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី ខេត្ត និងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ។
ក្រសួងអប់រំ បានបញ្ជាក់ថា «ដោយសារបច្ចុប្បន្ននេះ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានសភាពល្អប្រសើរ និងអាចគ្រប់គ្រងបាន និងដើម្បីលើកកម្ពស់ការថែទាំសុខភាព ផ្លូវកាយ និងផ្លូវចិត្តរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការហាត់ប្រាណ និងការលេងកីឡា ក្រសួងអប់រំ យុវជន និង កីឡាទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី ខេត្ត និងក្នុងបវិវេណពហុកីឡដ្ឋានជាតិអូឡាំពិក លើកលែងតែសកម្មភាពហាត់ប្រាណតាមក្លឹបកីឡា ដែលប្រើប្រាស់សម្ភារៈរួមគ្នា»។
ក្រសួងអប់រំបន្តថា នៅក្នុងការអនុញ្ញាតឱ្យដំណើរការឡើងវិញនេះ ក្រសួងស្នើឱ្យទីកន្លែងហាត់ប្រាណ និងលេងកីឡាទាំង អស់ត្រូវបន្តគោរពតាមវិធានសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកយ៉ាង ត្រឹមត្រូវ និងម៉ឺងមាត់ដូចខាងក្រោម៖
១៖ រក្សាអនាម័យជាប្រចាំដោយលាងសម្អាតដៃនឹងសាប៊ូ ទឹកអាល់កុល ដែលសម្លាប់មេរោគ ពាក់ម៉ាស់ និងវ៉ាស់កម្ដៅ
២៖ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាចម្ងាយពីម្នាក់ទៅម្នាក់យ៉ាងតិច ១.៥ ម៉ែត្រ
៣៖ ទីកន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា ត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ
៤៖ ត្រូវធានាថា កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា មិនមែនជាកន្លែងឆ្លងជំងឺកូវីដ១៩។
ជាមួយគ្នានេះ ក្រសួងអប់រំសង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមហាត់ប្រាណ និងលេងកីឡា ព្រមទាំងបន្តអនុវត្តនូវវិធានសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប្រកបដោយការទទួលខុសត្រូវខ្ពស់៕