ភ្នំពេញ ៖ កម្ពុជានឹងមានទំនិញជាង៣០០មុខនាំទៅចិន ក្នុងនោះ៩៥% មិនគិតពន្ធនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ ភាគីកម្ពុជាចិន (FTA) ចូលជាធរមាន នៅដើមឆ្នាំ២០២១ខាងមុខ។ នេះបើយោងតាមការអះអាងរួមគ្នារបស់មន្ត្រីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទសារព័ត៌មានរៀបចំដោយទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ បានថ្លែងថា ទំនិញជាង៣០០មុខដែលត្រូវនាំទៅចិនភាគច្រើនគឺជាផលិផលកសិកម្ម និងផលិតផលសម្រេចចេញពីឧស្សាហកម្មកែច្នៃ។ ក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺផលិតផលកសិកម្ម៩៥ភាគរយត្រូវបានរួចពន្ធសម្រាប់ការនាំចេញទៅចិនដូចជាៈម្រេច ម្ទេសក្រៀម ផ្លែឈើ ត្រីសាច់ ជាដើម។ ចំណែកមុខទំនិញ ដែលចិនគិតពន្ធពីកកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ។ លោកថា មូលហេតុដែលចិន គិតពន្ធលើមុខទំនិញទាំងនេះដោយសារចិន មិនចង់ឱ្យការនាំចូលទីផ្សារខ្លួន ប៉ះពាល់ផលិតផលក្នុងស្រុក។
លោក សុខ សុភ័ក្ត្រ បានបញ្ជាក់ដែរថា កាលពីមុន មុខទំនិញដែលប្រទេសកម្ពុជា នាំចូលទៅកាន់ប្រទេសចិន រួមមាន៖ ម្រេច ត្រូវភាគីចិន យកពន្ធ ២០ភាគរយ ប៉ុន្តែ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនចូលជាធរមាននោះ ម្រេចកម្ពុជាត្រូវបាន បញ្ចុះពន្ធ ០% បន្ថែមពីនេះសម្រាប់ម្រេចក្រៀមដែលប្រជាកសិករដាំបាននភខេត្តតាកែវ ក៏ត្រូវបានចុះពន្ធ០% បូករួមទាំងម្ទេសក្រៀមជាដើម។
មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា ក្រៅពីមុខទំនិញទាំងនេះ កម្ពុជាក៏អាចនាំចេញត្រី សាច់ គ្រំ ខ្យង ក្តាម ព្រមទាំងផលិតមួយចំនួនធំទៀត ទៅកាន់ប្រទេសចិនផងដែរ។
ចំពោះការឆ្លើយតបទៅនឹងការលើកឡើងដែលថា ចិនចំណេញជាងកម្ពុជា ពីកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីទ្វេភាគីនោះ លោកបានគូសបញ្ជាក់ថា គ្មាននរណាចំណេញជាងនរណាឡើយក្នុងកិច្ចព្រមព្រៀងនេះ។ លោកថា ទោះជាគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក៏កម្ពុជាត្រូវតែនាំទំនិញមកពីចិនដដែល។ ផ្ទុយទៅវិញកម្ពុជាទទួលបានការអនុគ្រោះក្នុងការនាំចេញទំនិញទៅចិនដោយមិនគិតពន្ធប្រមាណ៩៥% ឯណោះ។ បន្ថែមលើនេះប្រយោជន៍ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីគឺការនាំចេញទំនិញទៅចិនអាចមានការកើនឡើង២៥ភាគរយ៕