ខេត្តបន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២០ខណៈដែលមានសំលេងផ្ទុះចេញពីចំនុចចំការមីនក្បែរបន្ទាត់ព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលសីម៉ាលេខ២៨-២៩ នៅចំណុចខាងលិចភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ក្រោយមានករណីផ្ទុះកម្លាំងនគរបាលព្រំដែនបានចុះពិនិត្យទីតាំងផ្ទុះហើយបានជួយសង្គ្រោះយុវជនម្នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ស្រុកថ្មពួក បានឲ្យដឹងថាក្មេងប្រុសដែលជួយសង្គ្រោះចេញពីចំការមីនមាន ឈ្មោះ ឈុំ ខេន អាយុ១៤ឆ្នាំ មានទីលំនៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោក អធិការបានបញ្ជាក់ថានៅមុនពេលកើតហេតុ ក្មេងរងគ្រោះបានបានចេញពីផ្ទះដើរចូលទៅក្នុងទឹកដីថៃតាមបន្ទាត់ព្រំដែន ដើម្បីដាក់អន្ទាក់សត្វនិងដើររកជីកទំពាំងយកមកធ្វើម្ហូប។ តែដោយខ្វះការប្រុងប្រយត្ន័បានជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ជើងទាំង២និងខ្លួនប្រាណសុះសាច់ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុថ្មពួក បានបញ្ជាក់ថាចំនុចចំការមីនខាងលើបានសំលាប់និងបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើននាក់មកហើយ ដែលអ្នកទាំងនោះសុទ្ធសឹងជាអ្នកដែលចូលទៅជីកទំពាំង ដាក់អន្ទាក់សត្វ គោះអង្ក្រង បេះផ្លែឈើនិងរុករកអនុផលព្រៃឈើ។លោកបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន បញ្ឈប់ការរុករកអនុផលព្រៃឈើឬក៏ដាក់អន្ទាក់សត្វ ក្នុងតំបន់គ្រោះថ្នាក់នេះទៀតព្រោះមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកក្រោមដីមិនភ្លេចយើងទេ អោយតែយើងធ្វេសប្រហែសតែមួយវិនាទីគឺបន្សល់វិប្បដិសារីអស់មួយជីវិត៕
យុវជនម្នាក់រងរបួសធ្ងន់ ខណៈចូលដាក់អន្ទាក់សត្វ និងជីកទំពាំងក្នុងចំការមីន