ខេត្តកំពង់ចាម ៖ បន្ទាប់ពីមានការឯកភាពនៅក្នុងអង្គប្រជុំ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់ឲ្យអភិបាលរងខេត្តលោក អ៊ុភឿន គុណវុឌ្ឍ ដឹកនាំក្រុមការងារចុះប្រតិបត្តិការដើម្បីរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវឡើងវិញ។
ដូចការគ្រោងទុក ប្រតិបត្តិការនេះបានចាប់ផ្ដើមអនុវត្តក្រោយមានកិច្ចប្រជុំដោយអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២០ ពិភាក្សាទៅលើកិច្ចការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវ ដោយហេតុថាកន្លងមក នៅតំបន់ទីប្រជុំជនផ្សារផ្អាវនេះ មានការលក់ដូររំលោភលើចំណីផ្លូវ និងបង្ករភាពអនាធិបតេយ្យ ធ្វើឱ្យមានការកកស្ទះបាត់បង់សណ្ដាប់ធ្នាប់ ។
បើតាមអភិបាលស្រុកបាធាយ លោកផេន សុផល បានឲ្យដឹងថា នៅក្នុងផ្សារផ្អាវ មានជាង ២០០ តូប ដោយឡែកនៅផ្នែកខាងក្រៅផ្សារ ជាប់នឹងដងផ្លូវលេខ៦ នឹងផ្លូវសម្ដេចតេជោ មានជាង ៥០ គ្រែលក់មុខផ្សារ និងក្រោយ ១០ផ្ទះ និង កន្លែងលក់ត្រី មាន ១៥០ កន្លែង ។
ហើយកន្លែងលក់ ដែលបង្ករភាពអណាធិបតេយ្យ គឺមានជាង ១០០ កន្លែង អមសងខាងផ្លូវ សម្តេចតេជោ ខាងកើត និងខាងលិច ។
ចំណែកជាប់ផ្លូវលេខ៦ មានជាង ៨០ កន្លែង ដែលក្នុងនោះមានការធ្វើសំយ៉ាបខិតមកថ្នល់ ដែលបង្ករឲ្យមានការបាត់សោភ័ណភាព នៅទីប្រជុំជនផ្សារនេះផងដែរ ។
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា នេះផងដែរ ក្រុមមន្ត្រីជំនាញនិងអាជ្ញាធរដែនដី បានចុះវាស់វែងដោយកំណត់ យកត្រឹមមាត់លូចូលក្នុងប្រវែង ២ ម៉ែត្រ នៃថ្នល់ជាតិទាំងសងខាង ។
ទន្ទឹមនឹងនោះក្រុមអាជ្ញាធរបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក៏ដូចជាក្រុមអាជីវករដែលបានសាងសង់ប៉ះពាល់លើដីចំណីផ្លូវ នឹងត្រូវឲ្យរៀបចំរួសរើក្នុងរយៈពេល ៣ថ្ងៃ មុនពេលអាជ្ញាធរចុះធ្វើការឈូសឆាយ ។
ក្នុងខណៈពេលដែលក្រុមអាជ្ញាធរចេញប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវនេះ ក៏មានមតិប្រជាពលរដ្ឋជាច្រើនបានសាទរ ពេញចិត្តនឹងចំណាត់ការនេះ ដោយពួកគាត់អះអាងថា នឹងអស់កង្វល់បញ្ហាកកស្ទះ ឬបង្ករការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ និងអាចនាំទីប្រជុំជនជនផ្សារផ្អាវមានសោភ័ណភាពល្អ៕ ដោយ ៖ ប៉ែន សុផល