ខេត្តបន្ទាយមានជ័យ ៖ ផ្ទះមួយខ្នងដែលសង់ឡើងថ្មក្រោម ឈើលើប្រកសង្ក័សី ត្រូវបានក្លាយជាចំណីអគ្គីសភ័យ ក្រោមស្នាដៃកូនប្រុសញៀនថ្នាំលួចដុត។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២០ ក្នុងភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិង អគ្គីភ័យបានឲ្យដឹងថាផ្ទះដែលកូនដុតកំទេចចោលនោះធ្វើអំពីឈើប្រក់ស័ង្កសី ថ្មក្រោម មានទំហំ៧ម៉ែត្រគុណ៨ម៉ែត្រម្ចាស់មាន ឈ្មោះ ស្រឹម វុទ្ធី ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើមានសមាជិកក្នុងគ្រួសារចំនួន៦នាក់ ស្រី២នាក់។
លោកស្នងរងបានអោយដឹងទៀតថា ដោយយោងសម្តីរបស់ជនរងគ្រោះរៀបរាប់ថាគ្រោះអគ្គីភ័យនេះ គឺកើតឡើងដោយសារកូនប្រុសរបស់ខ្លួនជាមនុស្សញៀនថ្នាំ ឈ្មោះ ស្រឹម រស្មី អាយុ២៣ឆ្នាំជាអ្នកដុត ។ នៅមុនដុតគឺគាត់ជាឪពុកបានស្តីបន្ទោស និងវាយជាច្រើនរំពាត់ទៅលើកូនដើម្បីអោយវាបញ្ឈប់ការដើរលេងនិងជក់គ្រឿងញៀន។ដោយឥទ្ធិពលនៃគ្រឿងញៀនគ្របដណ្តប់កូនប្រុសគាត់មិនស្តាប់ការប្រៀនប្រដៅ បានឡើងទៅលើផ្ទះដុតពូកបណ្តាលអោយឆេះរាលដាលពេញលើផ្ទះរួចរត់ចុះគេចខ្លួនបាត់។
លោកស្នងការរងបានបញ្ជាក់ឲ្យដឹងទៀតថាពេលកំពុងឆេះនេះ មានរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្ត១គ្រឿងនិងរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរី១គ្រឿង បានអន្តរាគមន៍បាញ់ពន្លត់។ដោយក្នុងនោះមានកម្លាំងចូលរួមជួយពីសំណាក់ នគរបាលខេត្ត ស្រុក កម្លាំងសឹករងស្រុកនិងកម្លាំងអាជ្ញាធរមូលដ្ឋាន។
សូមបញ្ជាក់ផងដែរថាក្រោមអំណាចអគ្គីសភ័យដែលឆាបឆេះពេញបន្ទុក កម្លាំងជំនាញពិបាកក្នុងការគ្រប់គ្រង តែក្រោយធ្វើការបាញ់ពន្លត់អស់ទឹកជាច្រើនរថយន្តទើបធ្វើអោយភ្លើងមានការថមថយនិងគ្រងគ្រងបានទាំងស្រុងក្នុងរយៈពេលមួយម៉ោងក្រោយ។ប៉ុន្តែទោះជាការគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងក៏ដោយ ទំហំខូចខាតដែលម្ចាស់ផ្ទះបានលើកឡើងថាមានខាតបង់ក្នុងគ្រោះអគ្គីសភ័យនេះមានទំហំរហូតដល់ទៅជិតពីរម៉ឺនដុល្លា៕