ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ៣នាក់ទៀតបានជាសះស្បើយ និងមានអ្នកឆ្លងថ្មី១នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់នេះ លើមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។ គាត់បានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅកូរ៉េខាងត្បូង។ លទ្ធផលវិភាគវត្ថុសំណាកលើកទី៣ នៅថ្ងៃទី១៥ នៃការធ្វើចត្តាឡីស័ករបស់គាត់ បានទទួលលទ្ធផលវិជ្ជមានកូវីដ នៅថ្ងៃទី៣ សីហា។
សម្រាប់ករណីជាសះស្បើយ០៣នាក់វិញមានបុរសជនជាតិខ្មែរ០២នាក់ និងបុរសជនជាតិអាមេរិកកាំងជាមន្ត្រីទូតអាមេរិកម្នាក់៖
១៖ បុរសអាយុ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
២៖ បុរសអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
បុរសជនជាតិខ្មែរទាំងពីរនាក់ខាងលើនេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខាភាពចាក់អង្រែ រាជធានីភ្នំពេញ។
៣៖ បុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាន់វីសាប្រភេទ A មានអាស័យដ្ឋានស្នាក់នៅ ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។ បុរសរូបនេះបាន ធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង ដែលគ្រប់គ្រង និងរាយ ការណ៍ដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា។
គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប ២៤១នាក់ (ស្ត្រី៤៦នាក់ និងបុរស ១៩៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២០០នាក់ (ស្រី៤៣នាក់ និងបុរស១៥៧នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៣៩នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ចំនួន០២នាក់៕