ភ្នំពេញ ៖ នៅថ្ងៃនេះគឺជាថ្ងៃខួបកំណើតពិតប្រាកដរបស់សម្តេច ហ៊ុន សែន (៥ សីហា ១៩៥២ – ៥ សីហា ២០២០) ខណៈថ្ងៃខួបកំណើតមួយទៀត គឺនៅខែមេសា។ ក្នុងន័យនេះ សម្តេចតេជោ បានបកស្រាយពីឆ្នាំកំណើតទាំងពីរនៅលើទំព័រហ្វេសប៊ុកដូចខាងក្រោម៖
សូមអរគុណបងប្អូនដែលបានជូនពរខ្ញុំទោះបីខុសឆ្នាំក៏ដោយព្រោះខ្ញុំមានថ្ងៃកំណើតដល់ទៅពីរ៖
១. ថ្ងៃ៤មេសា១៩៥១ដែលខ្ញុំបានបកស្រាយម្តងរួចហើយគឺថ្ងៃ៤មេសាយកថ្ងៃចូលបម្រើកងទ័ពតាមការអំពាវនាវ របស់សម្តេចឪសម្តេចព្រះនរោត្តមសីហនុឆ្នាំ១៩៧០។ ឯឆ្នាំ១៩៥១ដោយអ្នកវាយអង្គលីលេខវាយច្រឡំនិងយកទៅផ្សាយល្ងាចថ្ងៃ ៨មករា១៩៧៩ក្រោយពេលខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ ពេលនោះខ្ញុំមិនបានកែតម្រូវទេព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង។
២.ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំគឺថ្ងៃ៥សីហា១៩៥២ត្រូវនឹងថ្ងៃអង្គារ១៥កើត ខែស្រាពណ៌ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។
ទោះជូនពរ៦៩ឆ្នាំឬ៧០ឆ្នាំគឺទទួលបានទាំងអស់និងសូមអរគុណសម្រាប់ការ ស្រឡាញ់រាប់អាន។ការបញ្ជាក់របស់ខ្ញុំខាងលើសំដៅបញ្ជាក់តើថ្ងៃកំណើតពិតប្រាកដមួយណា។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕