ខេត្តកោះកុង ៖ តាមរយៈលិខិតរបស់ខ្លួននៅថ្ងៃនេះ រដ្ឋបាលខេត្តកោះកុង បានហាមប្រជាពលរដ្ឋមិនឲ្យមានការទិញលក់ដីដែលស្ថិតនៅតំបន់ការពារធម្មជាតិ ជាដាច់ខាត។ ការហាមប្រាមនេះ ធ្វើឡើងនៅគ្រាដែលរដ្ឋបាលខេត្តសង្កេតឃើញថា ថ្មីៗនេះ នៅតាមបណ្តាភូមិ ឃុំមួយចំនួន ជាពិសេសនៅក្នុងស្រុកបុទុមសាគរ ស្រុកោះកុង ស្រុកគីរីសាគរ និងនៅតាមតំបន់មួយចំនួនទៀត មានការទិញលក់ដីក្នុងតំបន់ការពារធម្មជាតិ តំបន់ សហគ ម ន៏ តំបន់ដីសម្បទានសេដ្ឋកិច្ច ដីវិនិយោគ ដីឯកជន ដីសម្បទានសង្គមកិច្ច និងដីក្នុងគម្របព្រៃឈើយ៉ាងអាណាធិបតេយ្យ។ រដ្ឋបាលខេត្តកោះកុង ចាត់ទុកការទិញលក់ដីធ្លី ដោយមិនមានការចូលរួមចុះពិនិត្យ និងវាស់វែងត្រឹមត្រូវរបស់មន្ត្រីពាក់ព័ន្ធភូមិបាននៃរដ្ឋ បាលក្រុង ស្រុក ដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញ យ៉ាងនេះ គឺជាទង្វើខុសច្បាប់។ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នឹងចាត់ទុកជាមោឃៈ និងបដិសេធចោលនូវការលក់ទិញដីទាំងអស់ ដែលពុំមានលក្ខណៈត្រឹម ត្រូវតាមផ្លូវច្បាប់ និងត្រូវប្រឈមការផ្តន្ទាទោសទៅតុលាការតាមផ្លូវច្បាប់ផងដែរ៕
ការទិញលក់ដីក្នុងតំបន់ការពារធម្មជាតិ នៅកោះកុង អាចប្រឈមនឹងផ្លូវច្បាប់