ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២០នេះ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពី ព្រះឧត្តមធម្ម សោម ស៊ីម ព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទ។
ក្នុងឱកាសនោះព្រះឧត្តមធម្ម សោម ស៊ីម បានមានព្រះថេរដីកាកោតសរសើរគាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
ជាការឆ្លើយតប លោក ឃួង ស្រេង បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ អំណរគុណចំពោះព្រះឧត្តមធម្ម សោម ស៊ីម ព្រះសង្ឃ គណៈកម្មការ អាចារ្យ វត្តទាំងអស់ ដែលតែងតែបានបរិច្ចាគទេយ្យទានជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌។ ទន្ទឹមនោះ លោកបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម។
ទេយ្យទានដែលសាខាបានទទួលរួមមាន ៖ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចំនួន១២មុខស្មើនឹង២១.២៦៤.០០០រៀល និងថវិកាចំនួន៣ពាន់ដុល្លារអាមេរិក។ ដោយឡែក ព្រះឧត្តមធម្ម សោម ស៊ីម ក៏បានប្រគល់ទេយ្យទានជូនដល់ក្រុមកាកបាទក្រហមកម្ពុជា សង្កាត់ពញាពន់ និងក្រុមកាកបាទក្រហមកម្ពុជា ឃុំឈ្វាំង ក្នុង១ក្រុមៗទទួលបាន៖ គ្រឿងឧបភោគបរិភោគចំនួន៦មុខ និងថវិកាចំនួន១លានរៀលផងដែរ ៕