រូបភាពសាកសពក្មេងប្រុស ស៊ីរី ដែលអណ្តែតមកទើលើឆ្នេរតួកគី កាលពីថ្ងៃពុធ ប្រៀបបានទៅនឹងជន្លួញ រុញ មេដឹកនាំអឺរ៉ុបឲ្យចាត់ វិធានការបន្ទាន់ ក្នុងវិបត្តិជនអន្តោប្រវេសន៍។ នៅថ្ងៃសុក្រទី ៤ កញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេស គ្រោងនឹងប្រកាសទទួលបន្ថែមជនភៀសខ្លួន នៅក្នុងពេល ដែល រដ្ឋមន្ត្រីការបរទេសអឺរ៉ុបត្រូវជួបប្រជុំគ្នា នៅប្រទេសលុចសំបួរ ដើម្បី ពិភាក្សាទៅលើផែនការទទួលជនភៀសខ្លួន ដែលនាយករដ្ឋមន្ត្រីអាល្លឺ ម៉ង់ និងប្រធានាធិបតីបារាំង បានរកឃើញ នៅក្នុងកិច្ចព្រមព្រៀងមួយ កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ។
នៅក្រោយ ការចុះផ្សាយរូបភាព ក្មេងប្រុស ភៀសខ្លួន ស៊ីរី ដេកស្លាប់ ផ្កាប់មុខលើឆ្នេរសមុទ្រ តួកគី នាយករដ្ឋមន្ត្រីអង់គ្លេស បានសំដែងក្តីរន្ធត់ និងបានប្រកាសយល់ព្រមទទួលជនភៀសខ្លួនស៊ីរី បន្ថែមឲ្យមករស់ នៅក្នុងទឹកដីអង់គ្លេស។ នៅក្នុងអំឡុងទស្សនកិច្ចរបស់លោកទៅប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់នៅថ្ងៃសុក្រ នាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសទទួលយក បន្ថែម ជនភៀសខ្លួនស៊ីរី ៥ពាន់នាក់។
ប្រមុខដឹកនាំរដ្ឋាភិបាល អង់គ្លេស កំពុងប្រឈមកាន់តែខ្លាំង នឹងការ រិះគន់ និងការដាក់សម្ពាធ ពី គ្រប់មជ្ឈដ្ឋាន មិនថា គណបក្សប្រឆាំង ឬអង្គការការពារសិទ្ធិមនុស្ស ដោយសារតែនយោបាយតឹងរ៉ឹង មិនចង់ទទួលយកជនភៀសខ្លួន។ យ៉ាងណាក៏ដោយ តាមកាសែតThe Guardian នាយករដ្ឋមន្ត្រី នឹងយល់ព្រមទទួលយកបន្ថែមជនភៀសខ្លួនជាច្រើនពាន់នាក់ ប៉ុន្តែ ជនភៀសខ្លួនទាំងនោះ គឺជាជនភៀសខ្លួនស៊ីរី មានប្រភពចេញមកពីជំរំជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ នៅតំបន់ដើមបូព៌ា។ ជំហររបស់ទីក្រុងឡុងដ៍មានលក្ខណៈ ផ្ទុយស្រឡះ ពីការអំពាវនាវរបស់មេដឹកនាំ បារាំង និងអាល្លឺម៉ង់ ដែលទើបបានប្រកាស កាលពីថ្ងៃម្សិលមិញ ទាមទារឲ្យសមាជិកអឺរ៉ុបទាំងអស់ ទទួលយកកូតាជនភៀស ខ្លួន ដែលកំពុងសម្រុកចូលមកទឹកដីអឺរ៉ុបតាមប្រទេសក្រិក អ៊ីតាលី និងហុងគ្រីនោះ។
នៅក្នុងកិច្ចព្រមព្រៀង បារាំង អាល្លឺម៉ង់ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ បាន លើកឡើងពីគោលការណ៍បែងចែកដោយស្មើភាពគ្នារវាងប្រទេសសមា ជិកអឺរ៉ុប ដើម្បីទទួលយកជនភៀសខ្លួន ដែលកំពុងរត់ចូលរួចហើយ មកក្នុងទឹកដីអឺរ៉ុប។ អាល្លឺម៉ង់ នាំមុខគេ ដើម្បីនិយាយពីវិបត្តិជនភៀសខ្លួន ព្រោះថា អាល្លឺម៉ង់ ដែលជាគោលដៅ ចំបងរបស់ជនភៀសខ្លួន រំពឹងថា នឹងទទួលជនភៀសខ្លួនស៊ីរី ប្រមាណ ៨សែននាក់ នៅក្នុងឆ្នាំនេះ។
ឆ្លើយតបទៅនឹងការហូរចូលជនភៀសខ្លួន ប្រៀបបាននឹងទឹកបាក់ទំនប់ ហើយនិងភាពស្ពឹកស្រពន់របស់ប្រទេសអឺរ៉ុបផ្សេងទៀត ប្រមុខដឹកនាំអាល្លឺម៉ង់ លើកនេះ បានព្រមានអនុវត្តធម៌ក្តៅ ក្នុងករណី សមាជិកអឺរ៉ុបមិនអាចចរចា ចុះសម្រុងគ្នា ចែករំលែកជនភៀសខ្លួន។ នាយករដ្ឋមន្ត្រី អាល្លឺម៉ង់ អង់ហ្គេឡា ម៉ែរគែល និយាយថា អាល្លឺម៉ង់ ចង់សើរើនយោបាយSchenguen ដែលចែងពីតំបន់ដើរហើរ ធ្វើការរបស់ប្រជាជនអឺរ៉ុប។ និយាយបែបម្យ៉ាង អាល្លឺម៉ង់ ព្រមានលែងទទួល ផ្តល់ការងារដល់ប្រជា ជនរបស់ប្រទេសអឺរ៉ុបណាដែល មិនចង់ទទួលយកជនភៀសខ្លួន។
តាមប្រធានអង្គការUNCHRដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិ អឺរ៉ុបត្រូវសាមគ្គីគ្នា ដើម្បី ទទួលជនភៀសខ្លួនស៊ីរី ប្រមាណ ២សែននាក់។ ប៉ុន្តែ អឺរ៉ុបដែលពេលនេះ កំពុងបែកបាក់គ្នាខ្លាំងណាស់ នៅក្នុងរឿងទទួលជនអន្តោប្រវេសន៍ ជនភៀសខ្លួនទំនងនឹងមិនអាចឆ្លើយតបនឹងការអំពាវនាវរបស់អង្គការ សហប្រជាជាតិទេ។ ជាក់ស្តែង ក្នុងពេលដែលរដ្ឋមន្ត្រី ការបរទេសរបស់អឺរ៉ុបកំពុងប្រជុំគ្នា នៅលុចសំបួរ ដើម្បីរកមធ្យោបាយផ្តល់ជំនួយ ដល់ជនភៀសខ្លួន ប្រទេសអឺរ៉ុបខាងកើត ចំនួន ៤ ដូចជាហុងគ្រី សាធារណរដ្ឋឆែក ស្លូវ៉ាគី និងប៉ូឡូញដែលប្រឆាំងនឹងគោលការណ៍ បែងចែក ទទួលជនភៀសខ្លួន កំពុងជួបប្រជុំគ្នា ដែរនៅទីក្រុងប្រាក។ ប្រទេសទាំងនេះមិនចង់ទេ ផ្តល់សិទ្ធិជ្រកកោន ដល់ជនភៀសខ្លួន ក្នុងទឹកដីរបស់ខ្លួន។
នាយករដ្ឋមន្ត្រីហុងគ្រី៖ លំហូរជនភៀសខ្លួននៅអឺរ៉ុបនឹងធ្វើឲ្យជនជាតិអឺរ៉ុបក្លាយជាប្រជាជនភាគតិច ក្នុងទឹកដីរបស់ខ្លួន
បញ្ហាសេដ្ឋកិច្ចជាហេតុផល ចំបងមួយ ដែលបន្ទុចបង្អាក់មិនឲ្យគេចង់ទទួលជនភៀសខ្លួន ជាពិសេស បណ្តាប្រទេសនៅអឺរ៉ុប ដែលកំពុងមានសេដ្ឋកិច្ចមិនសូវល្អ មិនរីកចំរើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការទទួលជនភៀសខ្លួននឹងធ្វើឲ្យប៉ះពាល់ដល់ឆ្នាំងបាយ របស់ប្រជាជនក្នុងស្រុករបស់ខ្លួន។ នេះជារឿងមួយ ប៉ុន្តែ ការដែល រដ្ឋាភិបាលរបស់ប្រទេសខ្លះ នៅតែមានអារិភាព មិនសូវចង់ទទួល ជនភៀសខ្លួន ក៏ដោយសារតែគិតខ្វល់ទៅនឹងបញ្ហាដែលនឹងអាចកើតឡើងនៅថ្ងៃអនា គត ក្រោយពេលទទួលភៀសខ្លួនរួចហើយ។
សម្រាប់អាមេរិក គឺបញ្ហាសន្តិសុខជាតិ។ សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក និងជាប្រទេសដែលកកើត ឡើង ដោយសារជនអន្តោប្រវេសន៍ ទើបទទួលយកជនភៀសខ្លួនស៊ីរី ប្រមាណ តែ ១៥០០នាក់ ប៉ុណ្ណោះ គឺក្នុងរយៈពេល ៤ឆ្នាំ ដែលសង្គ្រាមបានផ្ទុះឡើងនៅស៊ីរី។ ចំនួន នេះ គឺតិចណាស់ បើប្រៀបធៀបនឹងចំនួន ភៀសខ្លួនស៊ីរី សរុបប្រមាណ ៤លាននាក់ ដែលបានរត់គេចពីសង្គ្រាម និងដែលកំពុងរស់នៅ យ៉ាងអត្តខាត់ក្នុងជំរំភៀសខ្លួននៅប្រទេសជិតខាង ដូចជានៅលីបង់ ហ្សកដានី ឬតួកគីជាដើមនោះ។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក បានទទួលស្គាល់ថា គេត្រូវបន្ទាន់ បើកទ្វារ ដើម្បីទទួលជនភៀសខ្លួន ប៉ុន្តែ ជាមួយគ្នា នេះ អាមេរិកផ្ទាល់ មិនអាចចាត់ការ ទទួលយកជនភៀសខ្លួនដោយប្រថុចញ៉ុចឡើយ។
អាទិភាពចំបងដែលរដ្ឋអាមេរិកត្រូវផ្តល់ឲ្យមុនគេនោះ គឺសន្តិសុខជាតិ និងជាពិសេសសុវត្ថិភាព របស់ប្រជាជនអាមេរិកផ្ទាល់តែម្តង។ តាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក វ៉ាស៊ីនតោន មានការប្រុងប្រយ័ត្នខ្លាំងណាស់ នៅក្នុងពេលទទួលជនភៀសខ្លួនស៊ីរី ដែលបានរត់គេចពីសង្គ្រាមស៊ីវិល និងការវាយប្រហាររបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម។ នៅ ពេលសម្ភាសន៍ ជ្រើសរើសជនភៀសខ្លួនដែលចង់សុំសិទ្ធិជ្រកកោណនៅអាមេរិក ម្តងៗ គឺ មន្ត្រីសន្តិសុខផ្ទៃក្នុងអាមេរិកផ្ទាល់ដែលធ្វើដំណើរទៅប្រទេស នៅដើមបូព៌ា ដើម្បី សម្ភាសន៍ សួរ ជីកឫស ជីកគល់ បេក្ខជន។ អាមេរិកសំរិតសម្រាំង ប្រុងប្រយ័ត្នខ្លាំង ព្រោះតែខ្លាច ថា មានក្រុមជីហាត ឬក្រុមអ៊ីស្លាមជ្រុលនិយម មកពីស៊ីរី បន្លំខ្លួន នៅក្នុងចំណោមជន ភៀសខ្លួន និងដែលអាចទៅបង្កបញ្ហា អសន្តិសុខ ក្នុងទឹកដីអាមេរិក។
ក្នុងករណីប្រទេសហុងគ្រី បញ្ហាអត្តសញ្ញាណជាតិ ជាហេតុផលសំខាន់ជាងគេ។ នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ បាននិយាយដោយមិនលាក់ លៀម ពីការគំរាមកំហែង ដល់អត្តសញ្ញាណជាតិ នៅពេលដែលជន ភៀសខ្លួន មានវត្តមានកាន់តែច្រើន នៅក្នុងទឹកដីអឺរ៉ុប។ កាលពីថ្ងៃម្សិល មិញ លោកនាយករដ្ឋមន្ត្រីហុងគ្រី វិចទ័រ អរបង់ ដែលបានបញ្ជាឲ្យគេធ្វើជញ្ជាំង លួសបន្លា នៅព្រំដែន ជាមួយប្រទេសស៊ែរប៊ី បានលើកឡើងថា វត្តមានកាន់តែច្រើន ជនភៀសខ្លួនមកពី តំបន់ដើមបូព៌ា និង ដែលកាន់សាសនាអ៊ីស្លាម នឹងគំរាមកំហែង ដល់វត្តមានគ្រឹស្តសាសនានៅក្នុងទឹកដី អឺរ៉ុប។
នៅថ្ងៃសុក្រនេះទៀត នៅក្នុងវិទ្យុជាតិហុងគ្រី ប្រមុខដឹកនាំប្រទេសនេះ នៅបានព្រមានថា អឺរ៉ុបកំពុងរងការគំរាមកំហែង ដោយសារតែការហូរចូលមិនឈប់ ជនអន្តោប្រវេសន៍។ សម្រាប់លោក នៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ប្រជាជននៅអឺរ៉ុប នឹងក្លាយទៅជាប្រជាជនភាគតិច នៅលើទឹកដីអឺរ៉ុបរបស់ខ្លួនឯងទៅវិញ។ ដូច្នេះ ជាជាងការបើកទ្វារទទួលជនភៀសខ្លួន ឲ្យបានច្រើន នាយករដ្ឋមន្ត្រី ហុងគ្រី អំពាវនាវចង់ឲ្យប្រទេសអឺរ៉ុបផ្សេងទៀត បិទព្រំដែន ទប់កុំឲ្យជនអន្តោប្រវេសន៍ជន ភៀសខ្លួន ឆ្លងចូលក្នុងទឹកដីអឺរ៉ុបតទៅទៀត៕
ជនអន្តោប្រវេសន៍កកស្ទះនៅស្ថានីយ៍រថភ្លើងក្នុងរដ្ឋធានី ប៊ុតដាប៉ែស ប្រទេសហុងគ្រី ថ្ងៃទី ២កញ្ញា ២០១៥