ភ្នំពេញ៖អ្នកជំនាញខាងផ្នែកជំងឺឆ្លងបានព្រមានពីលទ្ធភាពនៃការឆ្លងជំងឺឱកាសនិយមដោយសារការបរិភោគសាច់សត្វជ្រូកងាប់ដោយជំងឺត្រចៀកខៀវ មានដូចជាជំងឺរលាកផ្លូវដង្ហើម រលាកស្រោមខួរ និងរលាកខួរក្បាលជាដើម។ ការព្រមាននេះត្រូវបានធ្វើឡើង បន្ទាប់ពីសត្វជ្រូកជាង១ពាន់ក្បាល របស់អ្នកស្រុកសៀមរាបបានងាប់ជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែមានជំងឺត្រចៀកខៀវ។
អែអេហ្វអ៊ី បានផ្សាយនៅថ្ងៃនេះថា លោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា ក្រសួងបានចាត់វិធានការជាបន្ទាន់ បន្ទាប់ពីទទួល បានដំណឹងថា មានសត្វជ្រូក រាប់ពាន់ក្បាល់ងាប់ដោយសារជំងឺត្រចៀកខៀវ។ ការចាត់វិធានការរបស់ក្រសួងនៅពេលនេះ គឺធ្វើការត្រួតពិនិត្យសុខភាពឲ្យប្រជាពលរដ្ឋទូទៅនៅតាមមណ្ឌលសុខភាព ដែលនៅក្នុងតំបន់នោះ ដើម្បីស្វែងរកមើលរោគសញ្ញាពីជំងឺផ្លូវដង្ហើម រលាកស្រោមខួរ និងរលាកខួរក្បាល ដែលជាជំងឺឱកាសនិយម ហើយវាអាចចម្លងពីសត្វជ្រូកមកមនុស្សបាន នៅពេលដែលបរិភោគមិនបានត្រឹមត្រូវ។
លោកវេជ្ជ បណ្ឌិតលី សុវណ្ណ បានឲ្យដឹងថា មេរោគជំងឺត្រចៀកខៀវ មិនចំលងមកមនុស្សនោះទេ ប៉ុន្តែមេរោគឱកាសនិយមដែលមានផ្ទុកនៅក្នុងសត្វជ្រូកងាប់បន្ទាប់ពី កើតជំងឺត្រចៀកខៀវ អាចនឹងចម្លងមកមនុស្ស បាន នៅពេលណាដែលបរិភោគសាច់មិនបានឆ្អិនល្អ ហើយនិងគ្មានអនា ម័យគ្រប់គ្រាន់នោះ។ អញ្ចឹងហើយបានជាលោកវេជ្ជបណ្ឌិតអំពាវនាវ កុំឲ្យប្រជាពលរដ្ឋបរិភោគសាច់ សត្វជ្រូកដែលងាប់នោះ ព្រោះថាប្រជាជនមួយចំនួនគាត់មានការសោកស្តាយ ហើយអ្នកខ្លះរហូតយកសាច់នោះ ទៅធ្វើជាប្រអកទុក ទទួលទាននៅពេលក្រោយទៀតក៏មាន។
លោកបានបន្តថា ករណីនេះក៏ធ្លាប់កើតមាននៅក្នុងប្រទេសវៀតណាមនាពេលកន្លងមកដែរ ហើយក៏មានប្រជាជនដែលបានឆ្លងមេរោគឱកាស និយមពីសត្វជ្រូកដែលងាប់ នោះ។ ប៉ុន្តែសម្រាប់កម្ពុជានៅពេលនេះ នៅមិនទាន់មានឃើញករណីឆ្លងនេះ នៅតាមមណ្ឌលសុខភាព ដែលក្រសួងចុះធ្វើការត្រួតពិនិត្យនៅឡើយនោះទេ។ បើទោះបីជាមិនទាន់រកឃើញនៅពេលនេះក្រសួងក៏នៅតែបន្តពិនិត្យមើលពី ស្ថានភាពរបស់អ្នកមកពិនិត្យសុខភាពដែរ។
ទន្ទឹមគ្នានេះ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរូបនេះក៏បានផ្តល់ជាដំបូន្មានថា ប្រសិនបើប្រជាពលរដ្ឋនៅតែចង់បរិភោគសាច់សត្វជ្រូកដែលងាប់នោះ ត្រូវតែចំអិនឲ្យបានឆ្អិនល្អ ហើយមានអនាម័យនៅពេលដែលប៉ះពាល់សាច់នោះ។ហើយនៅពេលដែលមានរោគសញ្ញាអ្វីមិនស្រួលកើតឡើង បន្ទាប់ពីបរិភោគសាច់ទាំងនោះ សូមប្រញាប់នៅមណ្ឌលសុខ ភាពដើម្បីពិនិត្យមើល ព្រោះលោកវេជ្ជបណ្ឌិតបានឲ្យដឹងថា មេរោគឱកាស និយមនេះគឺមានថ្នាំព្យាបាលបាន។
បើយោងតាមប្រធានការរិយាល័យលទ្ធកម្ម និងបសុព្យាបាលខេត្តសៀម រាប ដែលបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា សត្វជ្រូកដែលបានឆ្លងជំងឺត្រចៀកខៀវនៅក្នុងខេត្តសៀមរាប នៅពេលថ្មីៗនេះមានរហូតដល់ជាង២ពាន់ក្បាល ខណៈដែលជ្រូកមួយចំនួនតូចទទួល បានការព្យាបាល និងមួយចំនួនធំងាប់បន្ទាប់ពីចាប់ឈឺក្នុងរយៈ ពេល តែ២ទៅ ៣ថ្ងៃប៉ុណ្ណោះ៕
សត្វជ្រូកនៅក្នុងកសិដ្ឋានមួយរបស់ប្រជាជនកម្ពុជា