ភ្នំពេញ៖ កាលពីល្ងាចថ្ងៃអាទិត្យទី២១ ខែ កញ្ញា នៅម៉ោង ១៧:៤៥នាទី ឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួងការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមសម័យប្រជុំ លើកទី៦៩ នៃមហាសន្និបាត អង្គការសហ ប្រជាជាតិ នៅទីក្រុងញូវយ៉ក ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤។
យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ បានឲ្យដឹងថា លោកឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង នឹងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំ លើកទី៦៩ នៃមហាសន្និបាត អង្គការ សហ ប្រជាជាតិ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។
ក្រៅពីសម័យប្រជុំ អង្គការសហប្រជាជាតិ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី ៦៩ និងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការបរទេស អាស៊ាន-សហរដ្ឋអាមេរិក។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោក អ៊ីវីកា ដាស៊ីស (Ivica Dacic) រដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋស៊ែរប៊ី នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។
ក្នុងអំឡុងពេលស្នាក់នៅ ទីក្រុងញូវយ៉ក លោកឧបនាយកររដ្ឋមន្ត្រី ហោ ណាំហុង នឹងជួបពិភាក្សាទ្វេភាគី ដាច់ដោយឡែកពីគ្នា ជាមួយលោកស្រី ម៉ារីយ៉ា អេនជីឡា ហូលហ្គីន គូឡា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូឡំប៊ី និងលោកស្រី ម៉ាយ ប៉ាន់ជីគីដស៍ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្សកហ្ស៊ី៕
លោក ហោ ណាំហុង ប្រមុខការទូតកម្ពុជា