អារ៉ាប់៖មាននុស្សប្រមាណ ៧១៧នាក់បានស្លាប់ និងជាង៨០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាលក្នុងឧបទ្ទវហេតុរត់ជាន់គ្នា នាថ្ងៃដំបូងនៃពិធីបុណ្យសាសនាបែប Hajj នៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត។
សារព័ត៌មាន CNN បានចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា នេះថា ឧបទ្ទវហេតុបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបជាង ១ពាន់នាក់នេះ បានកើតឡើងនៅក្នុងទីក្រុង Mina ចម្ងាយប្រហែល ៥គីឡូ ម៉ែត្រពីវិហារឥស្លាម Mecca ។ ប្រភពបន្តថា តាមសម្រង់ស្ថិតិអ្នកស្លាប់នៅរសៀលថ្ងៃទី២៤ កញ្ញា ឃើញមានជនរងគ្រោះដល់ស្លាប់ប្រមាណ៧១៧នាក់ និងរបួសជាង៨០០នាក់ដែលកំពុងស្ថិតក្នុងការជួយសង្គ្រោះនៅមន្ទីរពេទ្យច្រើនកន្លែងក្នុងទីក្រុងនេះ។
គួររម្លឹកថា កាលពីប៉ុន្មានថ្ងៃមុននេះ មានមនុស្សចំនួន ១០៩នាក់បានស្លាប់ និងរងរបួសជាង៤០០នាក់ ដោយសារការបាក់ដងស្ទូច នៅក្នុងពេលកំពុងសាងសង់អាគារ Mecca’s Grand Mosque ហើយកាលពីឆ្នាំ២០០៦ ក៏មានមនុស្សប្រមាណ ៣៦៤នាក់បានស្លាប់ផងដែរ។
សូមបញ្ជាក់ថា ជនជាតិមូស្លីមជាង ២លាននាក់ជុំវិញពិភពលោក បានចូលរួមពិធីបុណ្យសាសនា Hajj នេះ។ចំណែកពិធីបុណ្យដែលប្រារព្ធនៅប្រទេស អារ៉ាប៊ីសាអូឌីត ក្នុងថ្ងៃទី១ នៃពិធីបុណ្យបែបសាសនាឥស្លាម Eid al-Adha ឬហៅថា Feast of the Sacrifice នេះស្រាប់មានឧបទ្ទវហេតុបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើនដោយសារការរត់ជាន់គ្នា។
ក្រុមជួយសង្គ្រោះប្រមាណ ៤០០០នាក់ និងរថយន្ដសង្គ្រោះបន្ទាន់ ២២០គ្រឿង បានបញ្ជូនទៅកន្លែងកើតហេតុ៕ដោយ៖រដ្ឋា