បាងកក៖តុលាការថៃកាលពីថ្ងៃទី២៣កញ្ញាបានចេញដីកាតាមចាប់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅក្រុងបាងកកកាលពីថ្ងៃទី១៧សីហា បណ្តាលឱ្យមនុស្ស២០នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្ស១២០នាក់រងរបួស។
តាមដីកាបានបញ្ជាក់ថា ជនសង្ស័យរូបនោះអាយុ៣០ឆ្នាំ ភេទប្រុស ហើយត្រូវបានគេរាយការណ៍ថាបានទិញសម្ភារៈបង្កើតគ្រាប់បែកនៅតំបន់ Klongton តាំងពីថ្ងៃទី០៤ខែសីហា ពោលគឺថ្ងៃមុនបំផ្ទុះគ្រាប់បែក២អាទិត្យ។
ទោះបីយ៉ាងក្តីប្រធានប៉ូលីសថៃលោក Srivara បានអះអាងថា ជនសង្ស័យដែលកំពុងតាមចាប់ខ្លួននេះមិនស្គាល់អត្តសញ្ញាណទេ គឺគ្រាន់តែឃើញក្នុងកាមេរ៉ាប៉ុណ្ណោះ មានសក់ខ្លី ហើយចេះនិយាយភាសាថៃទៀត។ លោកSrivaraអះអាងទៀតថា ជនសង្ស័យនេះ តុលាការថៃបានចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់។ ដូច្នេះប៉ូលិសថៃអះអាងថា បុរសនេះពិតជាចូលរួមនឹងហេតុការណ៍បំផ្ទុះគ្រាប់បែកពិតមែន។ តែយ៉ាងណាក្ដី តុលាការថៃបញ្ជាក់ហើយថា នឹងត្រូវតាមចាប់ខ្លួននិងសួរចម្លើយរួមទាំងស៊ើបអង្កេតជាមុនសិនទើប អាចកាត់ទោសបាន។
គួររម្លឹកថា អាជ្ញាធរម៉ាឡេស៊ីកាលពីថ្ងៃទី២៣កញ្ញាក៏បានចាប់ខ្លួនមនុស្ស៨នាក់ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅទីសក្ការៈបូជា Erawanក្នុងក្រុងបាងកកដែរ។
គួរបញ្ជាក់ថា នេះជាដីកាតាមចាប់ខ្លួនជនសង្ស័យទី១៤ហើយដែលជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅទីសក្ការៈErawan ក្នុងទីក្រុងបាងកក៕
តុលាការថៃចេញដីកាចាប់ខ្លួនជន សង្ស័យម្នាក់ទៀតជាប់ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែក