ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃសុក្រនេះ បានព្រមានដកអាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍ណាដែលនៅតែ ចាក់ផ្សាយរាល់កម្មវិធីបរទេសចន្លោះពីម៉ោង៧យប់ដល់ម៉ោង៩យប់។
វីអូដេ បានរាយការណ៍នៅថ្ងៃនេះថា រដ្ឋមន្ត្រីបាន លើកឡើងបែបនេះក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់ភារកិច្ចនិងការបែងចែកសមត្ថ កិច្ចរបស់គណៈកម្មការការងារសោតទស្សន៍ ស្របពេលដែលទូរទស្សន៍ក្នុងស្រុកមួយចំនួនបន្តចាក់ផ្សាយភាពយន្តបរទេស ក្នុងម៉ោងដែលបានកំណត់នោះ។
លោកបានថ្លែងថា អ្នកពាក់ព័ន្ធទាំងអស់គួរតែជួយលើកតម្កើងផលិតកម្មក្នុងស្រុក រួមទាំងល្ខោន ភាពយន្ត ក៏ដូចកម្មវិធីផ្សេងៗដែលផលិតដោយប្រជាពលរដ្ឋខ្មែរ។ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋផ្តល់ដំណឹងដល់ក្រសួងព័ត៌មាន ក្នុងករណីដែលមានស្ថានីយទូរទស្សន៍ណានៅបន្តផ្សាយចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥តទៅ ដើម្បីក្រសួងចុះអនុវត្តវិធានការ។
លោកមានប្រសាសន៍ថា៖ “ពីម៉ោង៧ដល់ម៉ោង៩យប់គឺហាមមិនឲ្យមានការផ្សាយផលិតកម្មបរទេសគឺប្រើតែវណ្ណកម្មដែលផលិតក្នុងស្រុក។
បានន័យថាមិនបាច់តែកុនទេ គាត់អាចបញ្ចាំងជាកម្មវិធីកីឡា កម្មវិធីប្រដាល់ កម្មវិធីសិល្បៈ កម្មវិធីអីផ្សេងៗទៀតដែលអាចធ្វើបាន ដែលយើងប្រើប្រជាជនរបស់យើង តួរបស់យើង។ អ្វីៗដែលជារបស់យើងតែម្តង”។ លោករដ្ឋមន្ត្រីបញ្ជាក់ថាបើទូរទស្សន៍ធ្វើខុសពីការហាមប្រាមនេះ ចំណាត់ការគឺការដកអាជ្ញាប័ណ្ណ។
លោក ខៀវ កាញារីទ្ធ បន្តថាទូរទស្សន៍ទាំងអស់ក៏ត្រូវចាក់ផ្សាយពាណិជ្ជកម្មដែលសម្តែងដោយ តួខ្មែរ នៅចន្លោះម៉ោងដែលហាមមិនឲ្យចាក់ផ្សាយផលិតកម្មបរទេសផងដែរ។
កាលពីចុងឆ្នាំ២០១៤ ក្រសួងព័ត៌មានបានបើកកិច្ចប្រជុំជាមួយស្ថានីយ ទូរទស្សន៍ទាំងអស់នៅទូទាំងប្រទេស កម្ពុជានិងបានឯកភាពមិនចាក់ ផ្សាយភាពយន្តបរទេសចាប់ពីម៉ោង៧ដល់៨យប់ ប៉ុន្តែរហូតមកដល់ ពេលនេះ ស្ទើរតែគ្រប់ប៉ុស្តិ៍ទូរទស្សន៍នៅតែបន្តចាក់ផ្សាយកម្មវិធីបរទេសដដែល។
អគ្គនាយករងទទួលបន្ទុកកម្មវិធីនៃស្ថានីយទូរទស្សន៍ស៊ីធីអិន(CTN) លោក អៀង គឹមស្រេង ប្រាប់ថា វិធានការរបស់ក្រសួងព័ត៌មានហាក់មានភាពឆាប់រហ័សពេកក្នុងការត្រៀមខ្លួន និងរៀបចំកម្មវិធីក្នុងស្រុក។ លោកបន្តថា ស្ថានីយទូរទស្សន៍ស៊ីធីអិននឹងអនុវត្តតាម បើទោះជាអាចរងផលប៉ះពាល់មួយចំនួនក៏ដោយ។
លោកបានបញ្ជាក់ថា៖ “ដោយសារប្រញាប់ៗចឹង យើងអត់បានត្រៀមខ្លួនដិតដល់ច្បាស់ជាប៉ះពាល់ហើយ ព្រោះយើងមិនអាចផលិតកម្មវិធីបានទាន់ដើម្បីចាក់ភ្លាមៗ ព្រោះតម្រូវការហ្នឹងច្រើន ព្រោះយើងគិតថាចាក់ពីម៉ោង៧ដល់ម៉ោង៩អីចឹង គឺវាច្រើនម៉ោង។ បើយើងតម្រូវឲ្យចាក់ចឹងវាពិតជាប៉ះពាល់ហើយ។ ប៉ះពាល់មួយទៀតវាត្រូវការធនធានមនុស្ស ត្រូវការបង្កើតកម្មវិធីល្អ បើយើងយកតែកម្មវិធីដែលយើងធ្វើឲ្យតែបានទៅវាចេះតែចាក់ទៅ”។
វត្តមានភាពយន្តរឿងបរទេស នៅលើកញ្ចក់ទូរទស្សន៍ប៉ុន្មានខែនេះបានធ្វើឲ្យមានការព្រួយបារម្ភពីសំណាក់ក្រុមផលិតករភាពយន្ត និងតារាសម្ដែងខ្មែរ។ ថ្មីៗនេះ សមាគមធំ២គឺសមាគមភាពយន្តកម្ពុជា និងសមាគមសិល្បករខ្មែរបានបង្ហាញប្រតិកម្ម ដោយថានឹងប្រមូលស្នាមមេដាយតារាសិល្បៈ និងក្រុមផលិតនៅទូទាំងប្រទេសធ្វើញត្តិទៅកាន់ថ្នាក់លើ សុំឲ្យកាត់បន្ថយដាក់រឿងថៃក្នុងម៉ោងល្អ ហើយជំនួសដោយភាពយន្តខ្មែរឲ្យគ្រប់ស្ថាប័នទូរទស្សន៍។
ប្រធានសមាគមភាពយន្តកម្ពុជា លោក ឆាយ បូរ៉ា បាន អំពាវនាវឲ្យបណ្ដាសា្ថនីយទូរទស្សន៍ទាំងអស់បញ្ចប់ការចាក់ផ្សាយរឿងថៃ និងរឿងបរទេសនៅចន្លោះម៉ោង៧និងម៉ោង៩យប់ ដោយទុកម៉ោងទាំង២ឲ្យបញ្ចាំងតែរឿងខ្មែរ ឬកម្មវិធីដែលផលិតដោយខ្មែរជាជំនួស។ លោកនិយាយថា៖“គាត់ថារឿងខ្មែរអត់មានស្ពុនស័រ និងអត់មានអ្នកមើល ប៉ុន្តែខ្ញុំថាបើទូរទស្សន៍ទាំងអស់ចាក់តែរឿងខ្មែរ ឬហ្គេមដែលផលិតដោយខ្មែរខ្លួនឯង កុំចាក់រឿងបរទេសទាំងអស់គ្នា តើស្ពុនស័រណាមិនផ្សាយ ហើយអ្នកណាមិនមើល សរុបមកមានតែអន្តរាគមន៍ពីប្រមុខដឹកនាំទេ ទើបវិស័យភាពយន្តខ្មែរអាចបន្តរស់បាន!”។
កាលពីថ្ងៃទី៥ខែធ្នូ ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធធ្វើការជាមួយគ្នា ដើម្បីកាត់បន្ថយការនាំចូលភាពយន្តពីបរទេស មកដាក់បញ្ចាំងតាមទូរទស្សន៍នៅក្នុងប្រទេសកម្ពុជា។
គួររំឭកថា កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០០៣ រដ្ឋាភិបាលកម្ពុជាបាន សម្រេច ផ្អាកការចាក់បញ្ចាំងគ្រប់ខ្សែភាពយន្តថៃ នៅគ្រប់ស្ថានីយ ទូរទស្សន៍ខ្មែរទូទាំងប្រទេសកម្ពុជា បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា ផ្ទុះហិង្សាដុតស្ថានទូតថៃប្រចាំនៅកម្ពុជា ព្រមទាំងវាយកម្ទេចសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ដែលមានថៅកែជាជនជាតិថៃ ដោយសារតារាសម្តែងថៃដ៏មានប្រជាប្រិយភាពម្នាក់ ឈ្មោះ កុបស៊ុបវ៉ា គុនឃុនយីង ហៅផ្កាយព្រឹក និយាយថា ប្រាសាទអង្គរវត្តជាកម្មសិទ្ធិរបស់ថៃ។ តែទោះជាយ៉ាងណា នៅអំឡុងចុងឆ្នាំ២០១៣ កន្លងទៅនេះ គេសង្កេតឃើញស្ថានីយ៍ទូរទស្សន៍ប៉ុសិ៍្តលេខ៥ បានចាប់ផ្តើមចាក់បញ្ចាំងខ្សែភាពយន្ដថៃឡើងវិញ៕
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងនៅព្រឹកថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៥