ជនល្មើស​ម្នាក់​អា​រក​មន្ត្រីនគរបាល​ពេល​ចាប់ខ្លួន​ដឹក​តាម​ម៉ូតូ​យកទៅ​ប៉ុស្ដិ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2015 ក+ ក-

​ភ្នំពេញ​៖ ជនល្មើស​ម្នាក់​បាន​ប្រើ​កាំបិតប៉័ងតោ អា​រក និង​កាប់​ដៃ​មន្ដ្រីនគរបាល​ប៉ុស្ដិ៍ បឹង​សាឡាង ខណៈដែល​ជននេះ​ត្រូវបាន​នគរបាល​ពីរ​នា​ក់​ចាប់ខ្លួន ហើយ​ដឹក​តាម​ម៉ូតូ​យកទៅ​កាន់​ប៉ុស្ដិ៍​រដ្ឋបាល ពាក់ព័ន្ធ​ការ​កាន់ កាំបិត​ដើរ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ពេញ​ដងផ្លូវ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក នៅវេលា​ម៉ោង ១១៖៥០​នាទី ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៥​នេះ ។​

​សេចក្ដីរាយការណ៍​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅពេល​ឃើញ​ជននេះ ដៃ​កាន់​កាំបិតប៉័ងតោ ដើរ​តាម​ដងផ្លូវ​នោះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្ដិ៍ រួច​នគរបាល​ពីរ​នា​ក់បាន​ចុះមក​អន្ដរាគមន៍​ភ្លាមៗ ដោយ​លួងលោម ឱ្យ​ប្រគល់​កាំបិត តែ​ជននេះ​មិន​ព្រម​ប្រគល់​តែ​សុខចិត្ត​ជិះ​ម៉ូតូ​ជាមួយ​សមត្ថកិច្ច​ទាំង​ដៃ​កាន់​កាំបិត​ទៅកាន់​ប៉ុស្ដិ៍នគរបាល ដោយ​ជនសង្ស័យ​អង្គុយ​កណ្ដាល ។​

​ពេល​កំពុង​ជិះ​ម៉ូតូ ស្រាប់តែ​ជនល្មើស​បាន​យក​កាំបិត​កាន់​នឹង​ដៃ​ទៅ​អា​រក​មន្ដ្រីនគរបាល​ជា​អ្នកបើក​ម៉ូតូ រួច​កាប់​ទៅលើ​ម្រាមដៃ បណ្ដាលឱ្យ​រងរបួស បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ មន្ដ្រីនគរបាល​ដែល​រងរបួស​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រុស្សី រីឯ​ជនល្មើស​ឈ្មោះ សុគន្ធា អាយុ ៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ត្រូវបាន​ចាប់​វ៉ៃខ្នោះ​នៅ​កន្លែង​ប៉ុស្ដិ៍នគរបាល ៕​សួង សាម​;​បញ្ញា​

fvcghh

fcdxdd

gbvhvv