បាងកក៖បុរសម្នាក់ដែលត្រូវសមត្ថកិច្ចថៃចាប់ឃុំខ្លួន បានសារភាពចំពោះការរៀបចំបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកកាលពីខែមុន។
បុរសម្នាក់ដែលត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ២៩ ខែសីហា មានឈ្មោះថា Adem Karadag ត្រូវបានកំណត់អត្ដសញ្ញាណថាជាជនជាប់សង្ស័យដំបូងគេក្នុងការបំផ្ទុះ គ្រាប់បែកនៅទីក្រុងបាងកក ដែលបានបណ្ដាលឲ្យមនុស្ស ២០នាក់ស្លាប់ និងរងរបួសជាង ១០០នាក់។
លោក Prawut Thavornsiri អ្នកនាំពាក្យតម្រួតថៃបានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីបុរសម្នាក់នោះទទួលស្គាល់ថា គាត់គឺជនសង្ស័យពាក់អាវលឿងនៅក្នុងវីដេអូ ហើយគាត់ក៏ ជាអ្នកបំផ្ទុះគ្រាប់បែកនោះ។ នេះ បើតាមសារព័ត៌មានCNN។
តម្រួតថៃបានប្រើកាមេរ៉ាចាប់រូបភាព ហើយរូបភាពបង្ហាញពីជនសង្ស័យម្នាក់កំពុងដើរចូលក្នុងបន្ទប់ទឹក បន្ទាប់មកគាត់បានផ្លាស់សម្លៀកបំពាក់ មុនពេលគាត់ដើរចេញមកវិញ។
លោក Prawut បានបន្ថែមថា៖ «គាត់ បានទទួលស្គាល់ថា បុរសនៅក្នុងរូបភាពគឺជាគាត់ ហើយរាល់ការទទួលស្គាល់របស់គាត់ គឺវាពាក់ព័ន្ធគ្នា។ ចុងក្រោយគាត់ក៏បានសារភាពរឿងទាំងអស់»។
គួររំឭកថា នៅថ្ងៃទី១៧ ខែសីហា កន្លងមកនេះ ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែក នៅទីសក្ការៈសាសនាហិណ្ឌូនៅ Erawan មួយកន្លែងក្នុងទីក្រុងបាងកក បណ្ដាលឱ្យមនុស្សស្លាប់២០នាក់ ក្នុងនោះ១៤នាក់ជាជនបរទេស ហើយរបួសជាង១០០នាក់៕ដោយ៖បូរ៉ាស៊ី
ជនជាប់សង្ស័យករណីបំផ្ទុះគ្រាប់បែកនៅថៃ(រូបភាពពីបណ្តាញសង្គម)