រុស្ស៊ី៖រុស្ស៊ីដែលជាគូប្រជែងមួយរបស់អាមេរិកបានរិះគន់យ៉ាងចាស់ដៃចំពោះគោលនយោបាយអាមេរិកថា មិនបានដោះស្រាយបញ្ហាជម្លោះនៅស៊ីរីឡើយ តែផ្ទុយទៅវិញមានតែដាក់បន្ទុកលើស៊ីរីទៅវិញ។ លោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីដែលនឹងជួបលោកបារ៉ាក់ អូបាម៉ាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២៩កញ្ញានេះ បានចំអកដល់អាមេរិកចំពោះការគាំទ្រដល់ក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី និងបញ្ជាក់ថាវាជារឿងខុសច្បាប់ហើយគ្មានប្រសិទ្ធភាព។
ប្រធានាធិបតីរុស្ស៊ី លោកពូទីនបញ្ជាក់ថា មិនមែនក្រុមឧទ្ទាមជាអ្នកប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាមទេ ប៉ុន្ដែរដ្ឋាភិបាលស៊ីរីក៏គួរតែរួមបញ្ចូលជាមួយការគាំទ្ររបស់ អន្ដរជាតិ ដើម្បីប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាមដែរ។ លោកពូទីនសង្កត់ធ្ងន់ថា អាមេរិកចង់ហ្វឹកហាត់ដល់កងទ័ពក្រុមឧទ្ទាមរាប់ពាន់នាក់ ប៉ុន្ដែមានតែ៦០នាក់ប៉ុណ្ណោះដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ហើយមានតែប្រមាណ៤ទៅ៥នាក់គត់ដែលបានកាន់អាវុធប្រយុទ្ធ។
គួររម្លឹកថា អាមេរិកបានអះអាងថា ខ្លួនបានខិតខំយ៉ាងខ្លាំងដើម្បីបញ្ចប់ជម្លោះនៅក្នុងប្រទេសស៊ីរី ជាពិសេសគឺបញ្ឈប់សកម្មភាពក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ប៉ុន្ដែការប្ដេជ្ញារបស់អាមេរិកហាក់ទទួលបានលទ្ធផលតិចតួច ធ្វើឲ្យប្រទេសជាគូប្រជែងមិនសប្បាយចិត្ដ ហើយបានបន្ទោសអាមេរិកថែមទៀត ថាគ្មានសមត្ថភាពបញ្ចប់សង្គ្រាមនៅស៊ីរីបាន។
គួរបញ្ជាក់ថា កន្លងមកអាមេរិកបានសហការនិងបង្កើតជាក្រុមចម្រុះអន្ដរជាតិមួយក្រោម ការចូលរួមពីប្រទេសជាច្រើនដូចជាអង់គ្លេស អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម ហ្ស៊កដានី ហ្គាតា បារ៉ែន អ៊ីរ៉ាក់ តួកគីជាដើម ដោយខ្លះបានគាំទ្រការវាយប្រហារតាមជើងអាកាស ហើយខ្លះបានផ្ដល់ជំនួយផ្នែកសម្ភារៈយោធា។ សកម្មភាពវាយប្រហារតាមជើងអាកាសក៏ធ្វើឡើងជាបន្ដបន្ទាប់ ប៉ុន្ដែនៅមិនអាចកម្ទេចក្រុមរដ្ឋអ៊ីស្លាមបានឡើយ គ្រាន់តែធ្វើឲ្យពួកគេថមថយកម្លាំងបន្ដិចប៉ុណ្ណោះ៕