ភ្នំពេញ៖សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងនៅតែរឹងមាំរហូតដល់ឆ្នាំ ២០១៦ បើទោះបីជាកំណើនទំនងជានឹងមានល្បឿនយឺតតិចតួច ជាងការព្យាករណ៍កាលពីដើមឆ្នាំនេះក៏ដោយ។
នេះបើតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB នៅថ្ងៃអង្គារទី២២កញ្ញាធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសកម្ពុជាក្នុង ឆ្នាំ២០១៥និង២០១៦នៅតែមានភាពរឹងមាំបើទោះជាមានការថមថយតិចតួច ដែលទាក់ទងទៅនឹងការថយចុះនូវសក្តានុពលកំណើនសម្រាប់បណ្តាប្រទេស កំពុងអភិវឌ្ឍន៍នៅអាស៊ី និងការងើបឡើងវិញយឺតនៃសេដ្ឋកិច្ចរបស់ប្រទេសឧស្សាហកម្មធំៗ។
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព សេដ្ឋកិច្ចប្រចាំឆ្នាំ ដែលមានចំណងជើងថា«ទស្សនវិស័យ អភិវឌ្ឍន៍ (ADO)២០១៥» ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (ផសស) សម្រាប់ប្រទេសកម្ពុជាគឺ៧ភាគរយ សម្រាប់ឆ្នាំ២០១៥ និង៧,២ភាគរយ សម្រាប់ឆ្នាំ២០១៦។
ជាមួយគ្នានេះADB បានរំលឹកពីរបាយការណ៍របស់ខ្លួនកាលពីខែមីនា ដែលបានព្យាករណ៍ថាកំណើនឆ្នាំ២០១៥មាន៧,៣ភាគរយ និងឆ្នាំ២០១៦ មាន៧,៥ភាគរយ។ ក៏ប៉ុន្តែការព្យាករណ៍ពេលនេះ បែរជាថមថយទៅវិញនោះ ADB ពន្យល់ថាជាការឆ្លុះបញ្ចាំងពីការថយចុះ នូវសក្តានុពលកំណើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងការងើបឡើងវិញយឺតយ៉ាវនៃសេដ្ឋកិច្ចរបស់ប្រទេសឧស្សាហកម្មធំៗ។
សេដ្ឋកិច្ចវិទូជាន់ខ្ពស់ADBប្រចាំប្រទេសលោក Jan Hansen ឲ្យដឹងថាការពង្រីកឧស្សាហកម្មកាត់ដេរ សំណង់ សេវាកម្មទេសចរណ៍ ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅតែបន្តជម្រុញកំណើនបន្ថែមទៀត។ លើសពីនេះ តម្រូវការក្នុងស្រុកមានការកើនឡើងខ្លាំង។ ការនាំចូលក៏មានកំណើនខ្ពស់។ រីឯការនាំចេញសម្លៀកបំពាក់ និងស្បែកជើងមានការកើនឡើង១១ភាគរយ ថយចុះពី១៤,៥ភាគរយ ក្នុងឆមាសទី១ឆ្នាំ២០១៤។
កំណើនការនាំចេញទំនិញសរុបថយមកនៅ១៤ភាគរយពី១៨,៣ភាគរយ។ កំរិតអតិផរណាប្រចាំឆ្នាំស្ថិតនៅត្រឹម១ភាគរយក្នុងខែឧសភាឆ្នាំ ២០១៥។ ក្រោយមកកំរិតនៃអតិផរណា ត្រូវបានកែសម្រួលមកនៅ១,៣ភាគរយ បន្ទាប់ពីមានការថយចុះនូវចំណាយលើការដឹកជញ្ជូននិងឥន្ធនៈ ក្រោយពេលមានការថយចុះយ៉ាងគំហុកនៃតម្លៃប្រេង៕