ភ្នំពេញ៖ដីកសិកម្មជាច្រើនហិកតាររបស់កសិករខ្មែរក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ត្រូវបានថៃ រំកិលព្រំដែនចូលយកបន្ថែមទៀត ក្នុងពេលថ្មីៗនេះ។ ម្ចាស់ដីអះអាងថា ពួកគាត់ពុំមានលទ្ធភាពទប់ស្កាត់ ក្រៅពីបង់បោះទាំងស្ដាយស្រណោះនោះឡើយ។ ចំណែកមន្ត្រីជាន់ខ្ពស់ខេត្តប៉ៃលិនវិញ អះអាងថា ការពិតដីនៅចំណុចដែលមានព័ត៌មានថា ថៃរំកិលនោះ គឺជាតំបន់ត្រូវហាមឃាត់ និងជាតំបន់សថែមទៀតផង។
ប្រជាពលរដ្ឋដែលជាម្ចាស់ដីទម្លាក់ការទទួលខុសត្រូវក្នុងរឿង ធ្វើឲ្យដីត្រូវបាត់បង់នេះថា គឺជាបន្ទុករបស់មន្ត្រីជំនាញនៅថ្នាក់ក្រោមជាតិ និងរដ្ឋាភិបាលដែលពុំបានពង្រឹងគោលនយោបាយក្នុងការគ្របគ្រងដីនៅ តាមព្រំដែនឲ្យមានប្រសិទ្ធភាព ជាហេតុធ្វើឲ្យភាគីថៃ បន្តរំកិលព្រំដែនចូលកម្ពុជា ជាបន្តបន្ទាប់។
ពលរដ្ឋរស់នៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ជាប់ព្រំដែនកម្ពុជា-ថៃ ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានចោទប្រកាន់ថា មូលហេតុដែលថៃ អាចបន្តរំកិលព្រំដែនចូលមកក្នុងទឹកដីកម្ពុជា បានរហូតនេះ ក្នុងពេលបច្ចុប្បន្ន ទំនងជារដ្ឋាភិបាលពុំមានឆន្ទៈក្នុងការការពារនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ហេតុនេះទើបភាគីថៃ ចេះបន្តរំកិលព្រំដែនចូលមកកម្ពុជា ទាំងក្នុងអតីតកាល និងសព្វថ្ងៃបានដោយងាយ។
លោកបន្តថា៖ «គេយកហ្នឹងគេយកមុនយើងបោះឆ្នោត។ អ៊ីចឹងតាំងពីហ្នឹងមកយើងអត់មានធ្វើអីបានទេ។ យកក្នុងឆ្នាំ២០១៣ ហ្នឹងហើយ។ អ៊ីចឹងក្នុងរដូវយើងដាំដុះហ្នឹង ទៅគេដេញតែម្ដង។ ទៅក្នុងខែប្រាំ ខែប្រាំមួយហ្នឹង ទៅថៃដេញហើយ»។
ពាក់ព័ន្ធក្នុងរឿងនេះ លោក រ៉ុង ឈុន ជាតំណាងសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលជាជាញឹកញយ ស្ថាប័នបានត្រួតពិនិត្យរឿងព្រំដែនដែរនោះ ចាត់ទុកថា អ្វីដែលប្រទេសជិតខាងអាចធ្វើព្យុះធ្វើភ្លៀងបានក្នុងរឿងព្រំដែន នេះ គឺដោយសារកម្ពុជា តែងធ្វេសប្រហែសនិងពុំសូវដែលបានខ្វល់ខ្វាយប៉ុន្មានឡើយរឿងព្រំដែន បើសិនជាមន្ត្រីអនុវត្តទាំងនោះពុំមានផលប្រយោជន៍ណាមួយទេ។ ជាពិសេស រដ្ឋាភិបាលផ្ទាល់ពុំដែលបំផុសប្រជាពលរដ្ឋឲ្យចេះស្រឡាញ់បូរណភាព ទឹកដីរបស់ខ្លួនម្ដងណាឡើយ។
ទាក់ទិននឹងដីនៅចំណុចព្រំដែនបរយ៉ាខានេះ ប្រជាពលរដ្ឋដែលរស់នៅទីនោះនិយាយថា ភាគីថៃបានរំកិលចូលមកកម្ពុជានេះ មុនពេលបោះឆ្នោតសកលឆ្នាំ២០១៣ និងក្រោយពេលអតីតមេប៉ុស្តិ៍វរការពារព្រំដែន លោក មួន ទឹម ហៅ ញ៉ន ត្រូវបានអង្គភាពព្រំដែនរបស់លោកដកបញ្ឈរជើង និងដាក់ទណ្ឌកម្មនៅស្នងការខេត្តប៉ៃលិន អស់ពេលជាច្រើនខែ មុននឹងផ្ទេរទៅឲ្យកាន់ទីតាំងផ្សេងវិញ។
ប្រភពបន្តថា ដីរបស់កម្ពុជា ដែលបាត់បង់ថ្មីទៀតនៅពេលនេះ គឺជាប្រភេទដីកសិកម្ម ហើយប្រជាពលរដ្ឋបានដាំដុះ និងបង្កបង្កើតផលជាយូរឆ្នាំមកហើយ។ វិទ្យុអាស៊ីសេរី សុំការបំភ្លឺជាច្រើនដងតាមទូរស័ព្ទ ពាក់ព័ន្ធរឿងនេះ ពីមេបញ្ជាការវរការពារព្រំដែនគោកលេខ ៨២១ លោក អ៊ុំ នន និងស្នងការខេត្តប៉ៃលិន លោក ជា ច័ន្ទឌឹន ប៉ុន្តែទូរស័ព្ទរបស់លោកពុំមានអ្នកទទួលឡើយ។
បើទោះជាបែបនេះក៏ដោយចុះ អភិបាលខេត្តប៉ៃលិន លោក កើត សុធា បដិសេធថា រហូតមកដល់នេះ លោកនៅពុំទាន់ទទួលបានព័ត៌មានជុំវិញភាគីថៃ រំកិលព្រំដែនចូលមកក្នុងអធិបតេយ្យភាពរបស់កម្ពុជា នៅឡើយទេ។ ក៏ប៉ុន្តែ លោកអះអាងថា នៅចំណុចទួលរំដេង ដែលសង្ស័យថា មានការរំកិលព្រំដែននេះ គឺជាតំបន់ត្រូវហាមឃាត់ និងថែមទាំងជាតំបន់សទៀតផង។
លោកបន្តថា ការពិតទីតាំងទាំងនោះ គឺអាជ្ញាធរបានជូនដំណឹងម្ដងជាពីរដងរួចមកហើយ ពុំអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលទៅកាប់គាស់ ឬថា ទៅបង្កបង្កើតផលអ្វីឡើយ៖ «ការយល់ច្រឡំទេ ការវាយតម្លៃ ព្រោះកន្លែងហ្នឹងគឺនៅចន្លោះមួយដែលយើងនៅដូរទេ វាមិនមែនជាការយកមិនយកអីទេ តាមខ្ញុំមើលនោះណា។ ប៉ុន្តែដោយសារប្រជាជនយើងគាត់ឥតសូវបានគិតពីរឿងផលប៉ះពាល់នៅ តំបន់ហ្នឹងទេ ព្រោះតំបន់ហ្នឹងតំបន់ហាមឃាត់។ យើងហាមឃាត់គាត់មិនឲ្យចូលទៅផ្ដេសផ្ដាសទេ ព្រោះតំបន់នោះជាតំបន់ជាប់ព្រំដែនសីមា។ យើងមិនទាន់ច្បាស់លាស់ ដល់អ៊ីចឹងគាត់ចេះតែចូលទៅ ហើយយើងហាមឃាត់ឥតបាន ដល់អ៊ីចឹងទៅខាងណោះគេអត់អាចមានអី ព្រោះឥឡូវនេះ ខ្ញុំអត់ទាន់ទទួលព័ត៌មានរឿងដីទេ»។
លោក រ៉ុង ឈុន ដែលជាតំណាងនៃសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចាត់ទុកថា វាជារឿងដែលគួរចម្លែកបំផុត នៅពេលណាដែលនិយាយពីតំបន់ស គឺគេពុំដែលឃើញតំបន់សស្ថិតនៅក្នុងទឹកដីនៃប្រទេសជិតខាងម្ដង ណាទេ។ ក៏ប៉ុន្តែផ្ទុយទៅវិញ កាលណាគិតពីតំបន់ស តែងជាចំណុចដែលស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា ជាដរាប ទាំងជាមួយព្រំដែនកម្ពុជា-វៀតណាម និងព្រំដែនកម្ពុជា-ថៃ។
លោកបន្តថា ជាពិសេសតាមរយៈតំបន់សនេះហើយ ដែលធ្វើឲ្យទឹកដីកម្ពុជា មួយផ្នែកធំត្រូវបាត់បង់ជាបន្តបន្ទាប់មក ក្នុងចំណោមហេតុផលផ្សេងទៀត ដូចជាតាមរយៈការកំណត់តម្រុយបង្គោលព្រំដែន និងការរំកិលព្រំប្រទល់របស់ប្រទេសជិតខាងកម្ពុជា ជាដើម៖ «ជុំវិញបញ្ហាបរទេសជិតខាង ទាំងយួន ទាំងសៀម តែងតែរំលោភបំពានរាល់ថ្ងៃមកលើអធិបតេយ្យភាព បូរណភាពទឹកដីនៃកម្ពុជាយើង ដោយសារតែលោក ហ៊ុន សែន មានភាពកម្សោយ ហើយមិនបានប្រើប្រាស់លទ្ធភាពក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន ហើយ។យើងគិតថា មេដឹកនាំដែលមិនបានយកចិត្តទុកដាក់ចំពោះអធិបតេយ្យភាព បូរណភាពទឹកដីបន្តទៅទៀត។ យើងគិតថាវាគ្រោះថ្នាក់ដល់អាយុជីវិតខ្មែរយើង គួរតែចូលនិវត្តន៍ប្រសើរជាង»។
ជាប់ទាក់ទិនរឿងរ៉ាវនេះ ដែលឈានដល់ការបាត់បង់ទឹកដីបន្ថែមទៀត មុនការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ ដែលធ្វើឲ្យដីជាច្រើនហិកតាររបស់ប្រជាពលរដ្ឋប្រមាណ ៣គ្រួសារ ត្រូវបានភាគីថៃ គ្រប់គ្រងវិញនោះ គឺទីតាំងនេះមានប្រវត្តិដ៏ចម្រូងចម្រាសម្ដងរួចហើយ កាលពីខែមីនា ឆ្នាំ២០១២។
កាលណោះអតីតមេប៉ុស្តិ៍នៃអង្គភាពវរការពារព្រំដែនប្រចាំទិស បរយ៉ាខា លោក មួន ទឹម ហៅ ញ៉ន ត្រូវបានស្នងការខេត្តប៉ៃលិន ដកហូតតួនាទី និងដាក់ទណ្ឌកម្ម បន្ទាប់ពីលោកត្រូវបានអង្គភាពរកឃើញពីកំហុសថា ជួយការពារ និងផ្ដល់ព័ត៌មានឲ្យអ្នករាយការណ៍របស់វិទ្យុអាស៊ីសេរី ចុះសិក្សាពីបង្គោលឡាក់លេខ ៦៤។ កាបាត់បង់នេះ នៅមិនទាន់គិតពីតំបន់ផ្សេងទៀតនៅឡើយផង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដូចគ្នាដែរ។
នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ ឯណោះវិញ គឺត្រង់បង្គោលឡាក់លេខ ៤៣ ភាគីថៃ តែងចូលធ្វើស្រែក្នុងទឹកដីខ្មែរជារៀងរាល់ឆ្នាំ រហូតមកដល់ពេលនេះ ទំនាស់នេះនៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយផង។
ប្រជាពលរដ្ឋដែលរស់នៅទីតាំងនោះ និយាយថា គេសង្កេតឃើញជំនាញរបស់រដ្ឋាភិបាលចុះធ្វើការដែរ ប៉ុន្តែកិច្ចការហាក់ពុំមានផលវិជ្ជមានឡើយ។ ផ្ទុយទៅវិញ ភាគីថៃ បានចូលកាន់កាប់បានទាំងស្រុងក្នុងពេលកន្លងទៅថ្មីៗនេះ ដោយពុំមានឧបសគ្គឡើយ៖ «យើងឃើញកាលមានបញ្ហាភ្លាមៗហ្នឹងប៉ូលិសយើងទៅដែរ ប៉ុន្តែទៅដល់ហ្នឹង យើងនៅឆ្ងាយមិនសូវបានដឹង មកវិញឃើញមានបៀរមានអីផឹកជាមួយថៃហ្នឹង មិនដឹងធ្វើយ៉ាងម៉េច។ គេមកពីកន្លែងមើលអ៊ីចឹងទៅ គេមានបៀរមានអីផឹកឡើងគគុក ហើយមិនដឹងនិយាយម៉េច»។
បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែសីហា ឆ្នាំ២០១២ កន្លងទៅ បានប្រកាសរួចហើយ នៅក្នុងសភាថា ដីកម្ពុជានឹងមិនបាត់បង់សូម្បីមួយមិល្លីម៉ែត្រទៅប្រទេសជិតខាង ក្ដី ក៏លោក រ៉ុង ឈុន និយាយថា លោកពុំមានជំនឿសោះឡើយថា ទឹកដីរបស់កម្ពុជា អាចមានទំហំគ្រប់ចំនួនដូចដែលមាននៅក្នុងផែនទីសព្វថ្ងៃ គឺ ១៨១.០៣៥ គីឡូម៉ែត្រក្រឡានោះ៕ប្រភពៈrfa
ង្គោលព្រំដែនលេខ ៦៤ នៅចំណុចអូរអែម សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។