រុស្ស៊ី៖យោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ីកាលពីម្សិលមិញបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារ តាមដែនអាកាសថ្មីមួយទៀត នៅក្នុងប្រទេសស៊ីរីទាំងយប់ ដោយបានវាយប្រហារ លើគោលដៅរបស់ក្រុមឧទ្ទាមរដ្ឋឥស្លាមចំនួន៤កន្លែង។ នេះបើតាមការចេញផ្សាយពីព័ត៌មាន Channel News Asia។
យន្តហោះចម្បាំងប្រភេទ Sukhoi-24M និងយន្តហោះប្រភេទ Sukhoi-25 បានចេញហោះហើរវាយប្រហារចំនួន៨ដង ដោយបានវាយប្រហារទៅលើ កន្លែងស្តុកទុករំសេវ នៅជិតទីក្រុង Idlib ប្រទេសស៊ីរី ព្រមទាំងបានវាយប្រហារទៅលើមណ្ឌលបញ្ជាការដ្ឋានកម្ពស់៣ជាន់ របស់ក្រុមឧទ្ទាមរដ្ឋឥស្លាមនៅជិតទីក្រុង Hama ផងដែរ។
ដោយឡែកទាក់ទងនឹងការវាយប្រហារតាមដែនអាកាសរបស់រុស្ស៊ីនេះដែរ អគ្គលេខាធិការរបស់អង្គការ NATO លោក Jens Stoltenberg បានថ្លែងថា ការវាយប្រហារតាមដែនអាកាសរបស់កងទ័ពរុស្ស៊ីនៅក្នុងប្រទេសស៊ីរីមិនចំគោលដៅ និងទីតាំងរបស់ក្រុម ISIS នោះទេ តែផ្ទុយទៅវិញ បែរចំកន្លែងទីតាំងក្រុមឧទ្ទាមស៊ីរីទៅវិញ។
គួរបញ្ជាក់ថា ការវាយប្រហាររបស់រុស្ស៊ីប្រឆាំងក្រុមISIS នៅក្នុងប្រទេសស៊ីរីនេះបានធ្វើឡើងកាលពីយប់ថ្ងៃពុធ បន្ទាប់ពីទទួលបានការឯកភាពពីក្រុមប្រឹក្សាភិបាលសភាជាន់ខ្ពស់តាមសំណើរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin៕