បារាំង៖បារាំងបានចុះកិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធបារាំងក្នុងតម្លៃទឹកប្រាក់ ជាង ២ពាន់ លានអឺរ៉ូ កាលពីម្សិលមិញក្រោមវត្តមាននាយករដ្ឋមន្ត្រីបារាំង និងនាយករដ្ឋមន្ត្រីកូវ៉ែត ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសបារាំង។ ជំនួញលក់អាវុធ របស់បារាំង បានឡើងកូដខ្លាំង ក្នុងកាលៈទេសៈដែល ប្រទេសអតិថិជនភាគច្រើន របស់បារាំង ស្ថិតនៅតំបន់ដើមបូព៌ា និងកំពុងប្រឈមនឹងការគំរាមកំហែង ពីក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម។
តាមរយៈ កិច្ចព្រមព្រៀង ដែលមានតម្លៃដល់ទៅជាង ២ពាន់លានអឺរ៉ូ រដ្ឋាភិបាលកូវ៉ែតចង់បានសព្វាវុធបារាំង ទៅបំពាក់ឲ្យកងទ័ពអាកាស ជើងគោក និងជើងទឹករបស់កូវ៉ែត។ តាមមន្ត្រីយោធា ដែលស្និទ្ធនឹងរដ្ឋមន្ត្រីការពារជាតិបារាំង បាននិយាយថា ដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀង នឹងផ្តោតទៅលើឧទ្ធម្ភាគចក្របារាំង។
គួរបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំ ការបញ្ជាទិញសព្វាវុធបារាំងបានកើនឡើងទ្វេដង ពី៤,៨ពាន់លានអឺរ៉ូ នៅឆ្នាំ ២០១២ ទៅដល់ ៨,២ ពាន់លានអឺរ៉ូ នៅឆ្នាំ ២០១៤។ ចំណូលបានមកពីការលក់អាវុធចេញទៅបរទេសបានកើនឡើងជាង១២ពាន់លានអឺរ៉ូនៅដើមឆ្នាំ ២០១៥៕