អ្នកស្លាប់ដោយសារព្យុះទីហ្វុងKoppuកើនដល់៤៧នាក់
ហ្វីលីពីន៖បើតាមការបញ្ជាក់របស់មន្ត្រីហ្វីលីពីនកាលពីម្សិលមិញបានឲ្យដឹងថា រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងKoppuនៅភាគខាងជើងប្រទេស ហ្វីលីពីនបានកើនឡើងដល់៤៧នាក់ហើយ។
ក្រុមមន្ត្រីហ្វីលីពីនបានបញ្ជាក់បន្ថែមថា ប្រជាជនប្រមាណ៣០០នាក់ កំពុងរងគ្រោះដោយសារទឹកជំនន់ នៅតំបន់ភាគកណ្តាលនៃតំបន់Luzon ខណៈជាង១០ម៉ឺននាក់បានជម្លៀសចេញទៅមជ្ឈមណ្ឌលជម្លៀស ដើម្បីគេចពីគ្រោះថ្នាក់។ ទោះយ៉ាងណាក៏ដោយ ទឹកជំនន់នៅភាគខាងជើងប្រទេសហ្វីលីពីន កំពុងស្រកបណ្ដើរៗហើយ នៅតំបន់មួយចំនួន។
គួរបញ្ជាក់ថា ហ្វីលីពីនធ្លាប់ជួបគ្រោះថ្នាក់ខ្យល់ព្យុះHaiyanកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ដែលបានបំផ្លាញទីក្រុងហ្វីលីពីនទាំងមូល ហើយសម្លាប់ប្រជាជនប្រមាណ៧៣៥០នាក់៕