កំពង់ឆ្នាំង៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅ ពេលដែលបានឃើញយុវជនម្នាក់រត់ចុះពីលើ ភ្នំក្រាំងដីមាសមានទាំងឈាមស្រោចពេញខ្លួនដោយមានស្នាមរបួសនៅលើក្បាល និងមានអារម្មណ៍ ភ័យខ្លាចផងនោះ។ ឪពុកជនរងគ្រោះសង្ស័យថាសត្វខ្លាទះ។
ហេតុការណ៍ដ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២៨ កញ្ញា ខណៈដែលប្រជាពលរដ្ឋរាប់សិបនាក់ទាំងប្រុសទាំងស្រីបានចោមរោមមើល យុវជនរូបនោះចុះពីភ្នំក្រាំងដីមាស ទាំងពោរពេញទៅដោយឈាមជោកខ្លួន ដោយសារក្បាលបែកចំពីលើ។ នៅចំណុចជើងភ្នំក្រាំងដីមាស ស្ថិតក្នុងភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋដែលបាននាំរូបគេចុះពីលើភ្នំក្រាំងដីមាសឱ្យដឹង ថា ជនរងគ្រោះឈ្មោះ ឡេន លី ហៅកឹស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ។ មុនពេលប្រទះឃើញជនរងគ្រោះខាងលើ មានស្ត្រីក្មេងចាស់ក្នុងភូមិប្រមាណពី៦ទៅ៧នាក់ បាននាំគ្នាឡើងលើភ្នំ ដើម្បីរកអុសយកមកទុកដុតដាំបាយ ខណៈដើរឡើងលើភ្នំបានប្រហែលជាង១០០ម៉ែត្រ ពួកគាត់ក៏បានប្រទះឃើញបុរសរងគ្រោះដើរចុះពីលើភ្នំមកវិញទាំង ខ្លួនប្រឡាក់សុទ្ធតែឈាម បន្ទាប់មកពួកគាត់បានមក ហៅអ្នកភូមិអោយទៅជួយគ្រាបុរសរងគ្រោះចុះពីភ្នំ។ នៅលើក្បាលជនរងគ្រោះគេឃើញ ស្នាមរយះធំហូរ ឈាមពេញខ្លួន ថ្ងាសខាងមុខហើមប៉ោងយ៉ាងធំដូចទង្គិចនឹងអ្វីមួយ។
បុរសម្នាក់ដែលជាអ្នកលក់សាំងមានផ្ទះនៅក្បែរជើងភ្នំក្រាំងដី មាសបានប្រាប់ឱ្យដឹងថា យុវជននេះជាអ្នកភូមិជាមួយគាត់ ហើយរូបគេជាមនុស្សស្លូតណាស់ និងជាអ្នកយាម អង់តែនទូរស័ព្ទរបស់ក្រុមហ៊ុននៅលើកំពូលភ្នំក្រាំងដីមាស។ យុវជនរូបនោះបានបាត់ខ្លួន១យប់២ថ្ងៃហើយ ទើបតែព្រឹកថ្ងៃទី២៨នេះ ត្រូវអ្នកភូមិដែលឡើងរកអុសបានប្រទះឃើញគាត់ដូចត្រូវគេវាយឡើង ពោរក្បាល ហូរឈាមជោកខ្លួន វង្វេងស្មារតីអស់ទៅហើយ។យុវជននេះទំនងជាមិនមែនសត្វខ្លាទះនោះទេ ព្រោះមិនឃើញមានស្លាកស្នាមអ្វីលើខ្លួនដែលអាចគិតថាជារបួសដោយសារសត្វខ្លាទះនោះឡើយ។
លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលស្រែថ្មីបានអោយដឹងថា ករណីខាងលើនេះលោកសង្ស័យថា អាចជនរងគ្រោះដើរជំពប់ជើងដួលហើយបោកក្បាលទៅត្រូវនឹងថ្មទើបបណ្តាលអោយបែកក្បាលបែបនេះ៕fpm