ប៉ាគីស្ថាន៖តាមប្រភពព័ត៌មានពី BBC បានផ្សាយថា ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅជិតព្រំប្រទល់ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានកាលពីម្សិលមិញបានកើនឡើងដល់២៨០នាក់ហើយ ខណៈដែលបណ្តាញទំនាក់ទំនងត្រូវបានកាត់ផ្តាច់ផងដែរ។
ប្រភពបញ្ជាក់ថា ក្នុងចំណោមមនុស្សស្លាប់នោះភាគច្រើនគឺជនជាតិប៉ាគីស្ថាន ដែលរស់នៅក្បែរតំបន់កើតហេតុ ជិតព្រំប្រទល់អាហ្វហ្គានីស្ថាន។ រញ្ជួយដីខាងលើនេះបានកើតឡើងក្នុងចំណុចកណ្ដាលនៃតំបន់ជួរភ្នំ Hindu Kush ប្រទេសអាហ្វហ្គានីស្ថាន។
ហេតុការណ៍ខាងលើធ្វើឲ្យក្មេងស្រីសិស្សសាលា អាហ្វហ្គានីស្ថាន១២នាក់បានស្លាប់ និង ២៥នាក់រងរបួស បន្ទាប់ពីពួកគេព្យាយាមចេញពីសាលា ប៉ុន្តែខាងមន្ត្រីរដ្ឋាភិបាលថា យ៉ាងហោចណាស់មានមនុស្ស៦៣នាក់បានស្លាប់ ដោយសារគ្រោះធម្មជាតិនេះ។
ក្នុងប្រទេសប៉ាគីស្ថានវិញ គឺមានមនុស្សយ៉ាងតិច២១៤នាក់បានស្លាប់ ក្រៅពីនោះគឺមានមនុស្សជាង១៨០០នាក់បានរងរបួសក្នុងខេត្ត Khyber Pakhtunkhwa (ភាគខាងជើងប្រទេសប៉ាគីស្ថាន) ។ នេះបើតាមអាជ្ញាធរក្នុងតំបន់។
យ៉ាងណានេះក្តីចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តបន្ទាប់ទៀត ខណៈដែលអាជ្ញាធរក្នុងប្រទេសទាំងពីរកំពុងជួយសង្គ្រោះមនុស្សពីគំនរនៃអគារបាក់បែក៕