រដូវផ្លែគុយបានចាប់ផ្ដើមតើអ្នកទិញផ្លែគុយញ៉ាំដឹងទេថាការបេះផ្លែគុយលំបាកយ៉ាងណា?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2024 ក+ ក-

ផ្លែគុយជាប្រភេទផ្លែឈើម្យ៉ាងមានដើមជាវ័ល្លិ៍តែមានទំហំធំជាងវល្លិ៍ផ្សេងៗទៀត។តាមការកត់សម្គាល់ឃើញថា វល្លិ៍គុយមានទំហំប្រហាក់ប្រហែលនឹងវល្លិ៍ជណ្ដើរស្វានិងអាចធំជាងបន្តិចដែរ។គុយគឺជាផ្លែឈើធម្មជាតិដុះក្នុងព្រៃ មានរសជាតិជូរ និងផ្អែម តែយើងក៏អាចយកគ្រាប់មកដាំបានដែរ។

គុយ ជាផ្លែឈើព្រៃដែលមានតម្លៃថ្លៃជាងគេបង្អស់ បើធៀបទៅជាមួយផ្លែឈើព្រៃដូចជា សាវម៉ាវព្រៃ គូលែនព្រៃ សិរមាន់ព្រៃ រំដួល ទំពាំងបាយជូរព្រៃ ផ្ដៅច័ន -ល-។ ចំពោះផ្លែឈើដទៃក្រៅពីគុយ អាចមានតម្លៃចន្លោះពី១ម៉ឺនទៅ៣ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ប៉ុន្ដែផ្លែគុយអាចមានតម្លៃរហូតដល់៧ម៉ឺនរៀលក្នុងមួយគីឡូក្រាមឯណោះនាពេលបច្ចុប្បន្ន។

វាអាចមានតម្លៃថ្លៃជាងគេក្នុងចំណោមផ្លែឈើព្រៃផ្សេងទៀតនាពេលបច្ចុប្បន្នផងដែរ។
ប្រភពពីចាស់ព្រឹទ្ធាចារ្យ និងគ្រូឱសថបូរាណបានឲ្យដឹងថា វល្លិ៍គុយក៏ជាប្រភេទ
ឱសថបូរាណដែលអាចព្យាបាលជំងឺផ្សេងដូចជារាគមួល ជំងឺថ្លើម ជម្ងឺក្រពះកន្ទាលត្រអាក ជំនួយកម្លាំងដល់ស្ត្រីទើបឆ្លងទន្លេរួចជាដើម។ចាស់ៗពីដើមតែង
យកជ័រគុយទៅព្យាបាលដង្កូវស៊ីធ្មេញផងដែរដោយការបន្តក់ជ័រគុយចូលទៅក្នុងប្រហោងធ្មេញដែរដង្កូវស៊ី។វល្លិ៍គុយអាចប្រើធ្វើជាឱសថបានទាំងដើមជាវល្លិ៍ ឬស និងជ័ររបស់វា ។ដើមនិងឬសគេកាប់ជាផ្នែកតូចៗយកទៅហាលឲ្យស្ងួតរួច
យកទៅដាំទឹកផឹកដែលគេជឿថាអាចព្យាបាលជំងឺក្រពះបាន។
វល្លិ៍គុយច្រើនដុះនៅតំបន់ព្រៃភ្នំ ព្រៃស្រោង និងមានតិចតួចនៅតាមតំបន់ព្រៃរបោះ។វល្លិ៍គុយចេញផ្លែចាប់ពីខែមីនា និងមេសា ផ្លែគុយខ្ចីមានពណ៌បៃតង ហើយវាប្រែជាពណ៌លឿងខ្ចី ហើយវិវត្តទៅលឿងទុំនៅពេលវាទុំជោរ។
សូមចុចLinkដើម្បីទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/1whv9Vso95g