ភ្នំពេញ៖ សាលាដំបូងរាជធានីកាលពីព្រឹកថ្ងៃទី២៩ កញ្ញានេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿង តារាចម្រៀង អូ រស្មី ប្រចាំផលិតកម្មឆ្លងដែន និងរៃមាស ពាក់ព័ន្ធនឹងការនាំក្មេងស្រីអាយុ១៤ឆ្នាំយកទៅលក់ព្រហ្មចារីឱ្យតាៗ ជាថ្នូរនឹងក្លាយជាតារាចម្រៀង។
សវនាការប្រព្រឹត្តទៅរយៈពេលជាច្រើនម៉ោង តាមរបៀបអសាធារណៈលើសំណុំរឿងនាង អូ រស្មី ដោយប្រធានក្រុមប្រឹក្សានៃអង្គជំនុំជម្រះ សម្រេចលើកពេលប្រកាសសាលក្រមលើសំណុំរឿងនេះ ទៅខែតុលា ២០១៤ ខាងមុខ។
គួររំលឹកថា តារាចម្រៀងអូ រស្មី អាយុ៣៦ឆ្នាំ ទីលំនៅមុនពេលចាប់ខ្លួនផ្ទះលេខ៨៦ ផ្លូវលេខ២ បុរីពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ យោងលើពាក្យបណ្ដឹងរបស់ស្ត្រី ឈ្មោះ ឆៃ មុនី ជាម្ដាយរបស់ក្មេងស្រី អាយុ១៤ឆ្នាំ។
ក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា កាលពីថ្ងៃត្រង់ទី ១៥ ខែមករា កូនស្រីរបស់គាត់បានចេញពីផ្ទះទៅសាលារៀន រហូតដល់ម៉ោង ៦ល្ងាច ទើបទូរស័ព្ទមកប្រាប់ថា រូបនាងទៅជាមួយនឹងអ្នកចម្រៀងឈ្មោះ អូ រស្មី ដើម្បីទៅយកខ្សែដៃមួយនៅក្នុងសណ្ឋាគារ។ លុះដល់យប់ថ្ងៃទី១៦មករា ស្រាប់តែឈ្មោះអូ រស្មី បានយកទូរស័ព្ទកូនស្រីរបស់គាត់ តេចូលទៅកូនប្រុស ហើយប្រាប់ថា កូនស្រីទៅដើរលេងនៅកោះពេជ្រ ភ្លេចទូរស័ព្ទនៅនឹងផ្ទះរបស់គេ។ ក្រោយទទួលដំណឹងនេះ គាត់ក៏បានទៅប្ដឹងសមត្ថកិច្ច ព្រោះយល់ថាកូនស្រីច្បាស់ជាចាញ់បោកឈ្មោះអូ រស្មី ហើយនៅល្ងាចថ្ងៃទី១៧មករា ទើបកូនស្រីត្រឡប់មកផ្ទះវិញ ហើយគាត់ក៏នាំកូនស្រីទៅកាន់កន្លែងសមត្ថកិច្ចដើម្បីស្ដាប់ចម្លើយ។
នៅកន្លែងសមត្ថកិច្ច ក្មេងស្រីរងគ្រោះ បានរៀបរាប់ថា នាងត្រូវបានឈ្មោះ អូ រស្មី បាននាំនាងទៅជួបជាមួយតាក្បាលទំពែក ដោយថាគាត់ ជាចាងហ្វាងផលិតកម្ម បើចង់ល្បីឈ្មោះ ទាល់តែព្រមទៅដេកជាមួយនឹងគាត់នេះ ទើបអាចជួយឱ្យក្លាយជាតារា និងជាអ្នកចម្រៀងដ៏ល្បីបាន តែហាមមិនឱ្យប្រាប់រឿងនេះដល់ម្ដាយជាដាច់ខាត” ហើយនាងបានរួមភេទ ជាមួយតាចាស់រហូតទល់ភ្លឺ៕