វាយប្រហារនៅសណ្ឋាគារមួយក្នុងប្រទេសសូម៉ាលីសម្លាប់មនុស្ស១២នាក់
សូម៉ាលី៖យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ ក្នុងព្រឹត្តិការណ៍វាយប្រហារដោយបំផ្ទុះក្នុងបរិវេណសណ្ឋាគារមួយនៅក្នុងរដ្ឋធានីប្រទេសសូម៉ាលីកាលពីម្សិលមិញ។
តាមប្រភពព័ត៌មានពីប៉ូលិសសូម៉ាលីខ្មាន់កាំភ្លើងនៃក្រុមសកម្មប្រយុទ្ធShebab បានប្រើប្រាស់រថយន្តផ្ទុករំសេវផ្ទុះទៅបំផ្ទុះក្នុងបរិវេណសណ្ឋាគារ ហើយខ្មាន់កាំភ្លើងបានសម្រុកបាញ់ប្រហារដល់ក្នុងសណ្ឋាគារ។
ប្រភពបញ្ជាក់ថា ក្រុមShebab មានទំនាក់ទំនងជាមួយក្រុមAl-Qaeda បានទាមទារទទួលខុសត្រូវលើការវាយប្រហារនៅសណ្ឋាគារSahafi ជាសណ្ឋាគារដ៏មានប្រជាប្រិយភាពសម្រាប់សមាជិកសភា បុគ្គលិករដ្ឋាភិបាល និងអ្នកជំនួញ។ ប៉ុន្តែអាជ្ញាធរមិនបានបង្ហាញអត្តសញ្ញាណជនរងគ្រោះដែលស្លាប់នៅក្នុង ការវាយប្រហារខាងលើនៅឡើយទេ៕