ឈ្វេងយល់ពីប្រពៃណីយ និងវប្បធម៌របស់ជនជាតិចាមនៅអតីតដែនដីចម្ប៉ា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2024 ក+ ក-

ខឿន​វប្បធម៌​ចាម​​មាន​ភាព​ត្រចះ​ត្រចង់​ ដោយ​មានពិធីបុណ្យ កេរ្តិ៍ដំណែល​ មុខ​របរ​ប្រពៃណី ជាច្រើន ក្នុង​នោះ សិល្បៈ​ធ្វើគ្រឿងកុលា​ភាជន៍ជនជាតិចាមត្រូវបាន​អង្គការ UNESCOទទួលស្គាល់ជាបេតិកភណ្ឌ​អរូបី​ត្រូវ​ការការពាជាបន្ទាន់ រួមចំណែក​ក្នុង​ការ​បង្កើតផ្ទាំងគំនូរវប្បធម៌ចម្រុះ​ពណ៌ ក្នុងមហាគ្រួសារ ៥៤ ជនជាតិនៃប្រទេស​វៀតណាម។

 

បុណ្យ Ramuwan បាន​ប្រព្រឹត្តិទៅ​ នា​ខែ​មិនា ​ឬខែមេសា ហើយ​អូសបន្លាយ​ក្នុង​រយៈពេល ១ ខែ។ ក្នុងពីធី​បុណ្យ Ramuwan ពិធីសែន​ផ្នូរគឺជា​ពិធីការ​ដ៏សំខាន់​បំផុត។ ក្នុង​ថ្ងៃនេះ ជនជាតិ​ចាម​​ដែលកាន់​សាសនាបានី នឹង​ស្លៀកពាក់​សម្លៀក​បំពាក់​ប្រពៃណី​ ហើយ​​នាំគ្នា​ទៅកាន់​កន្លែង​បញ្ចុះ​សព​របស់​ជនជាតិ​ចាម ដើម្បី​រួម​គ្នា​រៀបចំ​ពិធីសែនផ្នូរ ​អញ្ជើញ​បុព្វ​ការី ជីដូនជីតា។

គ្រឿង​សំណែន​ក្នុង​ពិធីសែន​ផ្នូរ​​គឺសាមញ្ញណាស់ រួមមាន ម្លូស្លា បារី ទឹក នំនែក ស្ករគ្រាប់ជាដើមផ្នូររបស់ជនជាតិ​ចាម​មាន​ភាព​ពិសេសណាស់ គេមិន​បាន​កសាងឱ្យមាំទាំទេ គ្រាន់តែពូនខ្សាច់ពីលើស្មើផ្ទៃមុខដីប៉ុណ្ណោះ ហើយបានសម្គាល់ដោយថ្មរាងមូលមួយដុំ។ ផ្នូរ​ទាំងអស់បានរៀបជាជួរវែងៗយ៉ាង​ពិសេស។

ទន្ទឹម​នឹង​បុណ្យ ​ Ramuwan បុណ្យ Kate ក៏ជាបុណ្យ​ធំ​មួយ​ក្នុង​ឆ្នាំដែរ។ នេះ​គឺជា​ពិធីបុណ្យរបស់ជនជាតិចាមកាន់​ព្រហ្មញ្ញសាសនា ដែលធ្វើឡើងនៅដើមខែទី ៧ នៃប្រតិទិនចាម (ត្រូវនឹងខែទីតុលា)។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងនៅតំបន់ប្រាសាទបុរាណរបស់ជនជាតិ​ចាម។

នៅខេត្ត​ ប៊ិញ​ធួន (Binh Thuan) ជាតំបន់ដែលមានសហគមន៍ជនជាតិចាម​ច្រើនទីពីរនៅប្រទេសវៀតណាម បន្ទាប់ពីខេត្ត នីញ​ធួន (Ninh Thuan) មានកេរ្តិ៍ដំណែល​ប្រាសាទបុរាណ Po Sah Inu (សង្កាត់ ភូហាយ (Phu Hai) ទីក្រុង ផាន​ធៀត (Phan Thiet)) ដែលតែងតែត្រូវបានជ្រើសរើសជាកន្លែងសំខាន់សម្រាប់ការរៀបចំពិធីបុណ្យ Kate អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រោះនេះជាអាស័យដ្ឋានវប្បធម៌ ស្ថាបត្យកម្ម និងសាសនាដ៏ពិសេសរបស់ជនជាតិចាម ក៏ដូចជាអាស័យដ្ឋានទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ។

ក្នុងប៉ុន្មានថ្ងៃនៃពិធីបុណ្យនេះ ពិធីការប្លែក​និង​ពិសេសត្រូវបានធ្វើឡើងនៅប្រាសាទ Po Sah Inu ដូចជា៖ ពិធីបើកប្រាសាទ ពិធីសែន​ថ្វាយ ពិធី​ដង្ហែរក្បួនសម្លៀកបំពាក់​របស់ព្រះ Po Sah Inu ងូតលាង Linga – Yoni ស្លៀកពាក់​ សែនព្រេនអំណរពិធី Kate នៅមុខប្រាសាទ… ដែល​មានអត្ថន័យដ៏ពិសិដ្ឋ ដើម្បីថ្លែងអំណរគុណចំពោះអាទិទេពដែលបានជួយឲ្យអាកាសធាតុល្អ និងមាន​រដូវប្រមូលផលច្រើន​សន្ធឹក ក៏ដូចជារំលឹកដល់យុទ្ធជនពលី ជីដូនជីតា និងបុព្វការីជន។ ក្រៅពីអត្ថន័យខាងលើ ក្នុងឱកាសនេះ សហគមន៍ជនជាតិចាម ក៏នាំគ្នាទៅប្រាសាទ Po Sah Inu ដើម្បីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ក្រុមគ្រួសារបានជីដូនជីតា​ជួយ​ចម្រុង​ចម្រើន ​កូនចៅរកស៊ីមានបាន និងជួបសំណាងល្អ។

ពិធីបុណ្យ Kate ក៏ជាឱកាសសម្រាប់ជនជាតិចាមសម្តែងឧបករណ៍ភ្លេងប្រពៃណី រាំនិងច្រៀងបទចម្រៀងប្រពៃណីជនជាតិចាម យុវជនចូលរួមប្រកួតផ្លុំត្រែ ត្រែ saranai ប្រឡងបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណី ​ប្រឡងវេច​នំ និងបុកអង្ករ តុបតែង និងដាក់​តាំងគ្រឿងសំណែន… សកម្មភាពទាំង​នេះ​ធ្វើ​ឡើង​យ៉ាងរំជើប​រំជួល និង​ទាក់ទាញភ្ញៀវ។ ក្រៅពី​​សកម្មភាព​ណែនាំ​វប្បធម៌​ចាម​ជា​ច្រើន ​ដូច​ជា ​ការ​សម្ដែងការបង្ហាញ​​ពីរបៀប​ធ្វើ​គ្រឿង​កុលាលភាជន៍ ការ​ត្បាញ​ក្រណាត់​ជនជាតិ ការដាក់​តាំងផលិតផល​ពិសេស​នៃតំបន់… អ្វីៗទាំងអស់បង្កើតបានជា​ពិធីបុណ្យ Kate ចម្រុះ​ពណ៌​ និង​ពោរពេញទៅ​ដោយ​អត្តសញ្ញាណ​វប្បធម៌​ជនជាតិ​ចាម​។

ពិធីបុណ្យ Kate មិនត្រឹមតែបំពេញតម្រូវការសាសនារបស់ជនជាតិចាមប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏ពិសេសមួយ ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា និងស្វែងយល់ពីសម្រស់វប្បធម៌ចាម។

លក្ខណៈពិសេស​នៃ​សិល្បៈធ្វើ​គ្រឿង​កុលាលភាជន៍របស់​ជនជាតិ​ចាម

គ្មាននរណាម្នាក់ដឹងច្បាស់ថា មុខ​របរធ្វើ​គ្រឿង​កុលាលភាជន៍របស់ជនជាតិចាមចាប់ផ្តើមនៅពេលណាទេ ពួកគេគ្រាន់តែដឹងថា មុខរបរនេះមានតាំងពីយូរយារណាស់មកហើយ។ សព្វថ្ងៃនេះ មុខរបរធ្វើ​គ្រឿង​កុលាលភាជន៍របស់ជនជាតិចាមនៅតែមាន និងអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្នុងភូមិ​ទាំងពីរគឺ ភូមិប៊ីញឌឹក (Binh Duc) (អតីតមានឈ្មោះថាភូមិ Ligok) នៅឃុំផានហៀប (Phan Hiep) ស្រុក បាកប៊ិញ (Bac Binh) ខេត្តប៊ិញធួន (Binh Thuan) និងភូមិធ្វើ​គ្រឿង​កុលាលភាជន៍ បាវទ្រុក (Bau Truc) (អតីតមានឈ្មោះថាភូមិ Hamu Crok) នៅទីរួមស្រុក ភឿក​យ៉ឹន (Phuoc Dan) ស្រុក នីញ​ភឿក (Ninh Phuoc) ខេត្ត នីញធួន (Ninh Thuan)។

ក្បួន​រចនាលើគ្រឿងកុលាលភាជន៍​ បាវ​ទ្រុក (Bau Truc) ភាគច្រើនមានប្រធានបទអំពីទន្លេ ដើមឈើ មេឃ និងផែនដី ខ្លឹមសារសាសនា។ របៀបដុត​គ្រឿង​កុលាលភាជន៍នៅភូមិ​ បាវ​ទ្រុក (Bau Truc) ក៏មានលក្ខណៈពិសេសផងដែរ គេ​មិនដុតក្នុងឡទេ ប៉ុន្តែគេ​បានប្រមូលផ្តុំ​អុស ចំបើង និងអង្កាម ដោយសីតុណ្ហភាពប្រហែល ៨០០ អង្សាសេ ដុតក្នុងរយៈពេល ៥ ទៅ ៨ ម៉ោង អាស្រ័យលើទំហំគ្រឿង​កុលាលភាជន៍។

តាមទំនៀមទំលាប់តាំងពីបុរាណ មុនពេល​ដុត​គ្រឿង​កុលាលភាជន៍  សិប្បករនឹងជ្រើសរើសថ្ងៃណាល្អ និងទិញគ្រឿងសំណែន​មួយចំនួន ដើម្បីសែន​ថ្វាយដល់បុព្វការីជន និងអាទិទេព ដើម្បីបង្ហាញពីបំណងចង់ឱ្យគ្រឿង​កុលាលភាជន៍​ត្រូវបាន​ដុតឲ្យ “ឆ្អិន” ស្មើៗគ្នា មិនត្រូវខូចខាត។

ផលិតផលគ្រឿងកុលាលភាជន៍​ប្រពៃណី បាវ​ទ្រុក (Bau Truc) មានច្រើនប្រភេទ ពិសេសដូចជា៖ ពាង ចង្រ្កាន កំសៀវ ផើង ឆ្នាំង… សព្វថ្ងៃនេះ ក្នុងយុគសម័យសេដ្ឋកិច្ចទីផ្សារ សិប្បករភូមិធ្វើគ្រឿង​កុលាលភាជន៍ បាវ​ទ្រុក (Bau Truc) បានស្រាវជ្រាវយ៉ាងឆាប់រហ័ស និងបង្កើតបន្ថែមទៀត​នូវ​គ្រឿង​កុលាលភាជន៍​ថ្មីជាច្រើន​ប្រភេទ ដែល​មាន​លក្ខណៈសិល្បៈខ្ពស់ ដើម្បីបម្រើទេសចរណ៍ និងពាណិជ្ជកម្ម។

និយាយអំពីទិសដៅយូរអង្វែង និងនិរន្តរភាពក្នុងការអភិវឌ្ឍគ្រឿង​កុលាលភាជន៍ បាវ​ទ្រុក (Bau Truc) លោក ភូហ៊ឹវ​មីញ​ធួន (Phu Huu Minh Thuan) ប្រធានសហករណ៍គ្រឿង​កុលាលភាជន៍ចាម បាវ​ទ្រុក (Bau Truc) បានមានប្រសាសន៍ថា៖ “យើងតែងតែស្វែងរក និងមានគំនិតថ្មីៗជាច្រើន”; តែងតែផ្លាស់ប្តូរ និងកែលម្អការរចនាឱ្យសមស្របតាមចំណង់ចំណូលចិត្តទីផ្សារ។ បច្ចុប្បន្នយើងខ្ញុំមានគំរូគ្រឿង​កុលាលភាជន៍ជាង ១០ ពាន់ រួមទាំងគំរូសំខាន់ៗប្រហែល ៥០០ ។ យើងក៏ចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរក្នុងការវិនិយោគលើធនធានមនុស្ស ជាពិសេសធនធានមនុស្សវ័យក្មេង។ ទន្ទឹម​នឹង​នោះ​ក៏​មាន​ផែនការ​រួមផ្សំនឹងទេសចរណ៍ ដើម្បីអភិវឌ្ឍភូមិសិប្បកម្ម ដើម្បីទាញយកសក្តានុពលក្នុងស្រុកជាអតិបរមា។

ការដែល​អង្គការ UNESCO ទទួល​ស្គាល់ជា សិល្បៈធ្វើ​គ្រឿង​កុលាលភាជន៍របស់ជនជាតិចាម បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវការការពារជាបន្ទាន់ នោះគឺជាការបញ្ជាក់នូវអត្តសញ្ញាណវប្បធម៌ជាតិរបស់វៀតណាមក្នុងឃ្លាំងបេតិកភណ្ឌ​វប្បធម៌ពិភពលោក។ បេតិកភណ្ឌវប្បធម៌សិល្បៈនៃការធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាម ឥឡូវនេះបានក្លាយទៅជាសម្បត្តិរួមរបស់មនុស្សជាតិ./. 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Yv4rmCUa60U