រុស្ស៊ី៖យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងអាកាសរបស់រុស្ស៊ីបានបើកការវាយប្រហារជាថ្មីក្នុងប្រទេសស៊ីរីចំនួន១៣៧ជើងក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ដោយបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធចំនួន៤៤៨ដែលជាកម្មសិទ្ធិរបស់ក្រុមរដ្ឋឥស្លាម និងក្រុមភេរវករផ្សេងទៀតនៅក្នុងប្រទេសនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov បានឲ្យដឹងថា “ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ យន្តហោះរបស់រុស្ស៊ីបានវាយប្រហារចំគោលដៅនៅក្នុងខេត្ត Aleppo, Damascus, Idlib, Latakia, Raqqa, Hama និង Homs”។ នៅក្នុងខេត្ត Latakia យន្តហោះចម្បាំងរបស់រុស្ស៊ីបានវាយប្រហារទីតាំងកាំភ្លើងត្បាល់មួយរបស់ក្រុមភេរវកម្ម Jabhat al-Nusra។
ទីតាំងរបស់ក្រុម Jabhat al-Nusra ជាច្រើនទៀតត្រូវបានកំណត់គោលដៅនៅក្នុងខេត្ត Hama ដែលជាកន្លែងហាងជួសជុលរថពាសដែករបស់ក្រុមភេរវករនេះនៅខាងក្នុងត្រូវបានបំផ្លាញ។ នៅ Idlib យន្តហោះយោធារបស់រុស្ស៊ីបានវាយប្រហារមណ្ឌលបញ្ជាការដ៏សំខាន់មួយរបស់ក្រុម Jabhat al-Nusra ដែលបានសម្របសម្រួលសកម្មភាពរបស់ក្រុមភេរវករទាំងនៅក្នុងខេត្ត Idlib និង Aleppo ។ លោក Konashenkov បានឲ្យដឹងទៀតថា បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកបានហោះឈ្លបយកការណ៍ យន្តហោះចម្បាំង Su-24 បានបើកការវាយប្រហារលើទីតាំងជាមួយនឹងគ្រាប់បែក KAb-500។
គួរបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្តើមធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមរដ្ឋឥស្លាម និងក្រុមភេរវកម្មផ្សេងទៀត នៅក្នុងប្រទេសស៊ីរីកាលពីចុងខែកញ្ញាបន្ទាប់ពីមានសំណើពីលោកប្រធានាធិបតី បាសា អាល់អាសាត៕