បាងកក៖តុលាការថៃកាលពីម្សិលមិញបានបើកសវនការកាត់ទោសក្រុមជួញមនុស្ស ដែលអាជ្ញាធរថៃ ទើបចាប់ខ្លួន បាននៅក្នុងយុទ្ធនាការបង្ក្រាបបណ្តាញជួញដូរមនុស្សកាលពីពាក់កណ្តាល ឆ្នាំនេះ។ គឺការរកឃើញ រណ្តៅកប់សាកសព នៅក្នុងព្រៃ ក្បែរព្រំដែនថៃ ម៉ាឡេស៊ី ដែលជំរុញឲ្យរបបសឹកថៃ បើកប្រតិបត្តិការចាប់ក្រុមជួញដូរមនុស្ស ដែលនៅក្នុងនោះ មានជាប់ពាក់ព័ន្ធផងដែរ មន្ត្រីយោធាជាន់ខ្ពស់ និងអ្នកជំនួញថៃ។
សំណុំរឿង ជួញដូរមនុស្ស ដែលតុលាការថៃ ទើបចាប់បើកដំបូង កាលពីថ្ងៃអង្គារ មានជនសង្ស័យដល់ទៅ ៨៨នាក់ ហើយនិងសាក្សី ប្រមាណ ៥០០នាក់។ តាមមន្ត្រីតុលាការថៃ គេត្រូវការពេលវេលាយ៉ាងតិច២ឆ្នាំ ដើម្បីពិនិត្យ សំណុំរឿង និងសាកសួរសាក្សីប្រមាណ២០០នាក់។ ចង់ ឬមិនចង់ សវនការជំនុំជម្រះក្រុមជួញដូរមនុស្ស នឹងប្រព្រឹត្តទៅក្នុងរយៈពេល យូរ មុននឹងចៅក្រមប្រកាសសាលក្រម ផ្តន្ទាទោសក្រុមជួញដូរមនុស្ស។
តាមទីភ្នាក់ងារព័ត៌មានបារាំង AFP ក្នុងចំណោមជនសង្ស័យជួញដូរមនុស្សទាំង៨៨នាក់ ដែលលេចមុខនៅតុលាការ កាលពីថ្ងៃអង្គារម្សិលមិញ មានខ្លះនិយាយភាសាថៃ ភាសា ម៉ាឡេ ឬភាសារ៉ូហ៊ីងយ៉ា របស់ជនជាតិភាគតិចដែលរស់នៅប្រទេសភូមា។ ពួកគេត្រូវបានតុលាការថៃ ចោទប្រកាន់ថា បានចូលរួម ឬមានពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដែលប្រព្រឹត្តឡើង ចន្លោះឆ្នាំ២០១១ និងឆ្នាំ ២០១៥។ ក្នុងចំណោមជនសង្ស័យមានផងដែរ មន្ត្រីយោធាថៃ ៤នាក់ ដែលក្នុងនោះ មានលោកម៉ាណាស់ គង់ព័ន្ធ មេបញ្ជាការយោធាថៃដែលត្រូវគេចាត់ទុកថា មេជំហរបណ្តាញជួញដូរមនុស្សនៅថៃ៕