លោកស្រី អ៊ុង សាន​ស៊ូ​ជី អំពាវនាវ​ឲ្យ​មានការ​ផ្សះផ្សា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2015 ក+ ក-

​មី​យ៉ាន់​ម៉ា​៖​ទោះបីជា​លទ្ធផល​នៃ​ការបោះឆ្នោត​សភា​កាលពី​ថ្ងៃអាទិត្យ ទី​៨ វិច្ឆិកា​នៅ​មិនទាន់បាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ តែ​លទ្ធផល​បណ្តោះអាសន្ន​ដែល​កំពុង​ធ្លាក់​មកជា​បណ្តើរៗ​បានផ្តល់​ជោគជ័យ យ៉ាង​ធំធេង​ចំពោះ​គណបក្សប្រឆាំង​របស់លោក​ស្រី អ៊ុង សាន​ស៊ូ​ជី គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ លោកស្រី​អ៊ុង សាន​ស៊ូ​ជី​ផ្ទាល់ខ្លួន​បាន​បញ្ជាក់ថា គណបក្ស​របស់លោក​ស្រី​ទទួលបាន​ដល់​ទៅ ៨២% នៃ​អ​សនៈ​នៅក្នុង​រដ្ឋសភា និង​ថា ជ័យជំនះ​របស់​គណបក្ស​ប្រឆាំង គឺ​បាន​លេច​រូបរាង​កាន់តែច្បាស់​ក្រឡែត​។​
​នៅ​ថ្ងៃ​ពុធ ទី​១១ វិច្ឆិកា ម្សិលមិញ​នេះ លោកស្រី​អ៊ុង សាន​ស៊ូ​ជី​បាន​អំពាវនាវ​ឲ្យ​មាន​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី ថេ​ន សេន លោក​ប្រធានរដ្ឋសភា ស្វេ ម៉ាន់ និង​មេបញ្ជាការ​កងទ័ព​លោក មីន អ៊ុង​ឡេង​។​
​តាមរយៈ​លិខិត​ចំហ​មួយ​ដែល​លោកស្រី​ប្រមុខ​បក្សប្រឆាំង​អ៊ុង សាន​ស៊ូ​ជី​បានស្នើ​ឲ្យ​មាន​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ថេ​ន សេន លោក​ប្រធានរដ្ឋសភា​ស្វេ ម៉ាន និង​មេបញ្ជាការ​កងទ័ព​ឧ​ត្ត​ម​សេនីយ​មីន អ៊ុង​ឡេង​។ លោកស្រី​អ៊ុង សាន​ស៊ូ​ជី​បាន​សុំ​ជួប​សន្ទនា​ជាមួយ​ឥស្សរជន​ទាំង ៣​រូប​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​និយាយ​ពី​ការផ្សះផ្សា​។ ជាការ​ឆ្លើយតប​វិញ​ភ្លាមៗ​ក្នុងថ្ងៃនេះ លោក​ថេ​ន សេន​បាន​យល់ព្រម​ជួប​មួយ​ទល់​មួយ​ជាមួយ​លោកស្រី​អ៊ុង សាន​ស៊ូ​ជី តែ​គេ​ត្រូវ​រង់ចាំ​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​។ ទោះបីយ៉ាងនេះក្តី នៅ​មិនទាន់មាន​ចម្លើយ​យ៉ាងណា​ពី​លោក​ប្រធានរដ្ឋសភា​ ស្វេ ម៉ាន់ និង​ឧ​ត្ត​ម​សេនីយ ​មីន អ៊ុង​ឡេង​៕
2015-11-09T050736Z_1754253428_GF20000051428_RTRMADP_3_MYANMAR-ELECTION_0