(ខេត្តពោធិ៍សាត់)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២៧៥នាក់ ដឹកនាំដោយ ឯកឧត្ដម ហេង សុខគង់ រដ្ឋលេខា ធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា តំណាង ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ពិធីនេះ ធ្វើឡើងនៅបរិវេណវិទ្យាល័យកោះស្វាយ ស្ថិតក្នុងភូមិកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក្រោមវត្តមានចូលរួមពីឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ រួមទាំងលោក លោកស្រី វេជ្ជបណ្ឌិតជំនាញៗ ក្រុមគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្ដម រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងគ្រូពេទ្យទូទៅ មកពិគ្រោះ និងព្យាបាលជំងឺជូនបងប្អូន ដោយឥតគិតថ្លៃ ក្នុងស្រុកតាលោសែនជ័យ ជិត២ពាន់នាក់។
ឯកឧត្ដម បានគូសបញ្ជាក់ថា សម្ព័ន្ធក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្កើតឡើងគិតមកដល់ពេលនេះ មានរយៈពេល១០ឆ្នាំហើយ ដោយឈរលើបេសកកម្មមនុស្សធម៌ ពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំង២៥រាជធានី-ខេត្ត ដោយពុំគិតពីនិន្នាការនយោបាយ មិនប្រកាន់បក្សពួក ពណ៌សម្បុរ ឬសាសនាឡើយ។
អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរស របស់ឯកឧត្ដម ហេង សុខគង់ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជួយពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពល រដ្ឋដោយមិនគិតថ្លៃ នៅក្នុងស្រុកតាលោសែនជ័យ។
ឯកឧត្ដម អភិបាលខេត្តបានកោតសរសើរដល់អាជ្ញាធរសមត្ថកិច្ចគ្រប់ថ្នាក់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក ខេត្ត និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និងសហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុធ្វើឱ្យការធ្វើសកម្មភាពពិនិត្យ ព្យាបាល របស់ក្រុមគ្រូពេទ្យប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាននូវលទ្ធផលល្អប្រសើរ។
ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត បានសំណូមពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សូមឱ្យបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅពេលក្រោយៗទៀត។ សំដៅលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។ ឯកឧត្ដមអភិបាលខេត្តបានចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ មិនអាចកាត់ថ្លៃបានក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្ប:ចែករំលែកដ៏ល្អប្រពៃ៕
https://youtu.be/birUoMFXJ8w