អង់គ្លេស៖ជនភៀសស៊ីរីខ្លួន១០០នាក់នៃចំនួនជនភៀសខ្លួនស៊ីរី២ម៉ឺននាក់ ដែលរដ្ឋាភិបាលអង់គ្លេសបានសន្យាឲ្យពួកគេជ្រកកោនរហូតដល់ ឆ្នាំ២០២០បានមកដល់ចក្រភពអង់គ្លេសលើកដំបូងកាលពីម្សិលមិញ។
ក្រុមជនភៀសខ្លួនខាងលើបានមកដល់ចក្រភពអង់គ្លេសម្សិលមិញ តាមរយៈជើងហោះក្នុងព្រលានយន្តហោះ Glasgow ហើយរំពឹងថានឹងតាំងទីលំនៅក្នុងទឹកដីប្រទេសស្កុតឡែន។ ក្រុមជនភៀសទាំងនោះគឺមកពីជំរំជនភៀសខ្លួនក្នុងប្រទេស ស៊ីរិ លីបង់ និង ហ្ស៊កដានី ដើម្បីគេចចេញពីសង្គ្រាម។
ជនភៀសខ្លួនជាច្រើនទៀតនឹងបន្តមកដល់ចក្រភពអង់គ្លេសក្នុង រយៈពេលប៉ុន្មានសប្ដាហ៍ទៀត។ ប្រទេសស្កុតឡែននឹងទទួលពួកគេទាំងនោះ៣៥០នាក់បន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron បានថ្លែងកាលពីម្សិលមិញថា ជនភៀសខ្លួនចំនួន១០០០នាក់នឹងមកដល់តាំងលំនៅនៅអង់គ្លេសមុនពិធីបុណ្យគ្រីសម៉ាសមកដល់ ហើយលោកជឿជាក់ថា ជនភៀសខ្លួនដែលរងទុក្ខវេទនាដោយសារសង្គ្រាម រ៉ាំរ៉ៃក្នុងប្រទេសកំណើតខ្លួន នឹងមានសុវត្ថិភាពស្ថិតក្រោមការមើលថែពីសំណាក់រដ្ឋាភិបាលអង់គ្លេស៕