ប្រមុខ​ការទូត​កម្ពុជាប្រាប់​ពី​ស្ថានការ ណ៍ ​នយោបាយ​កម្ពុជាដល់​បណ្តា​អង្គ ទូត​បរទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2015 ក+ ក-

 ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ជួបពិភាក្សា​ជាមួយ​ប្រធាន​បេសកម្ម​ការទូត  និង​ការិយាល័យ​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ទាក់ទង​ទៅនឹង​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ ការដកតំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា និង ការដក​អភ័យ​ឯក​សិទ្ឋិ​លោក សម រង្ស៊ី​។​

​នៅក្នុង​ជំនួប​ដោយ​បិទទ្វារ​នៅ​ព្រឹក​ថ្ងៃទី​១៩ វិច្ឆិកា នៅ​ទីស្តីការ​ក្រសួងការបរទេស លោក​រដ្ឋមន្ត្រីការបរទេស​កម្ពុជា បានលើកឡើង ជាអាទិ៍​ថា ៖

I.​អំពើ​ហឹ​ង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៖

​លោក ហោ​ណាំហុង បាន​រំលឹក​ឡើងវិញ​អំពី​ករណី​អំពើហិង្សា ដែល​បាន​កើតឡើង កាលពី​ថ្ងៃទី​២៦ តុលា ២០១៥ ទៅលើ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប នៅក្បែរ​រដ្ឋសភា ដោយបាន​គូសបញ្ជាក់ថា នៅពេលនោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កំពុង​បំពេញ ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង ហើយ​សម្តេច បាន​បញ្ជា​ពី​ទីក្រុង​ប៉ារីស អោយ​អាជ្ញាធរ មាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​ជាបន្ទាន់ និង​ចាប់ខ្លួន​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​លោក​ហោ​ណាំហុង បន្តថា សម្តេច​ហ៊ុនសែន បាន​អំពាវនាវ​ដល់​អ្នកកាសែត និង​អ្នក​បង្ហោះ​រូបភាព​តាម Facebook អោយ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុងការ​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​។​

លោក ហោ ណាំហុង បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ  បានកំណត់​មុខសញ្ញា​ជនសង្ស័យ ហើយ​បន្ទាប់ មក​មាន​មនុស្ស ៣ នាក់ បាន​ចូលខ្លួន មក​សារភាព​ចំពោះ​ក្រសួងមហាផ្ទៃ ដោយ​ពួកគេ​ដឹងថា ក្រសួងមហាផ្ទៃ បាន​ស្គាល់​ពួកគេ​រួចហើយ​។ បច្ចុប្បន្ន ជនដៃដល់​ទាំង ៣​នាក់​នោះ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​។​

II.​ការដកតំណែង​លោក កឹម សុខា​៖

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា បាន​បោះឆ្នោត​ដោយ​សំឡេង ៦៨/៦៨ ដកដំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា​។ លោក កឹម សុខា ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​ទី​១ ដោយ​សំឡេងឆ្នោត ៥០+១ ដូចនេះ ក៏ត្រូវ​ដកតំណែង​នេះ ដោយ​សម្លេងឆ្នោត​៥០+១ ដូចគ្នា​ដែរ​។​

III. ដីកាចាប់ខ្លួន​លោក សម រង្ស៊ី​៖

​កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ ២០០៨ នៅ​សារមន្ទីរ​ជើងឯក លោក សម រង្ស៊ី បានធ្វើការ​បង្កាច់បង្ខូច​កេរ្ដិ៍ឈ្មោះ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា​ជា​កម្មាភិបាល​ខ្មែរក្រហម​។​

ដើម្បី​ការពារ​កិត្តិយស នៅ​ឆ្នាំ​២០០៨ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រគល់​សិទ្ធិ​ទាំងស្រុង​អោយ​មេធាវី ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ភ្នំពេញ ប្ដឹង​លោក សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​។ សាលា​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​លោក សម រង្ស៊ី នៅ​ឆ្នាំ​២០១១​។ បន្ទាប់មក នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣ សាលាឧទ្ធរណ៍ បាន​ផ្តន្ទាទោស​លោក សម រង្ស៊ី អោយ​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៨​លាន​រៀល​។ សាលក្រម​របស់​សាលាឧទ្ធរណ៍ មាន​សុពលភាព​រយៈពេល ៥​ឆ្នាំ គឺ​រាប់​ចាប់ពី​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៨​។​

​អំពី​ការដក​លោក សម រង្ស៊ី ពី​សមាជិក​រដ្ឋសភា​៖

១ – យោងតាម​មាត្រា​១៤ នៃ​“​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​” ដែល​ត្រូវបាន​អនុវត្ត តាំងពី​ឆ្នាំ​២០០៦ បាន​ចែងថា  “​សមាជិក​រដ្ឋសភា​ណាមួយ ដែលជា​ជន​ជាប់ទោស​ដោយ​សាលក្រម ចុងក្រោយ នឹងត្រូវ​បាត់បង់​អភ័យឯកសិទ្ធិ និង​សមាជិកភាព​សភា​” ។​

២ -​ជា​កំហុស​មេធាវី​ការពារ​ក្តី​របស់លោក សម រង្ស៊ី ដោយ​បញ្ឈប់​ការតវ៉ា​ត្រឹម​សាលាឧទ្ធរណ៍ និង មិនបាន​ដាក់ពាក្យ​បណ្តឹង​បន្តទៅ​តុលាការ​កំពូល មានន័យថា ទទួលយក​ការសំរេច​របស់​សាលាឧទ្ធរណ៍​។​

៣ – គ​.​ជ​.​ប មិនបាន​ពិនិត្យមើល​ជាក់ច្បាស់​នូវ​សាលក្រមរ​បស់​សាលាឧទ្ធរណ៍ ។​

៤ – តើ​សាលក្រម​សាលាឧទ្ធរណ៍​អនុវត្តបាន ឬ​មិនបាន​?
​យោងតាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការមិន​ចាប់ខ្លួន​ជន​ជាប់ទោស លុះត្រាតែ ១.​សាលក្រម​នោះ​អស់​សុពលភាព ២.​មានការ​លើកលែងទោស ឬ ៣.​ការលុបចោល​នូវ ការផ្តន្ទាទោស​ដោយ​តុលាការ​ថ្នាក់លើ​។ ដូច្នេះ​សាលក្រម​របស់​សាលាឧទ្ធរណ៍ នៅមាន​សុពលភាព ៣​ឆ្នាំ​ទៀត​។​

៥ – បច្ចុប្បន្ន ដោយ​រដ្ឋសភា​ទើបតែ​បានដឹង​ពី​សាលក្រម​សាលាឧទ្ធរណ៍​លើ​ករណី​លោក សម រង្ស៊ី នេះ រដ្ឋសភា​មាន​កាតព្វកិច្ច​អនុម័ត​នូវ​សាលក្រម​នេះ ដោយ​សំលេងឆ្នោត ៥០+១ ស្របតាម មាត្រា​ទី​១៤ នៃ​“​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​”។

លោក​ហោ​ណាំហុង​បន្តថា នៅក្នុង​ឆ្នាំ​២០១៣ តាម​សំណើសុំ​របស់​សម្តេច​តេ​ជោ ព្រះករុណា ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​ប្រទាន​ការលើកលែងទោស​ដល់​លោក សម រង្ស៊ី  ពាក់​ព​ន្ធ័​នឹង​បទល្មើស​ចំនួន​ពីរ​គឺ ទី​១ ការដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ នៅ​ខេត្តស្វាយរៀង ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១១ និង​បទល្មើស​ទី​២ គឺ​ការ​ក្លែង​ឯកសារ​សាធារណៈ និង​ការផ្សព្វផ្សាយ​ព័ត៌មាន មិន​ពិត ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស នៅ​ថ្ងៃទី​២០ ខែ កញ្ញា ឆ្នាំ​២០១១​។ ប៉ុន្តែ​ព្រះរាជ​ក្រិ​ត្យ​លើកលែងទោស​នេះ មិន​គ្របដណ្តប់​លើ​ការផ្តន្ទាទោស​ក្នុងការ​បរិហាកេរ្តិ៍ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឡើយ​៕
fvcgccc