ប៉ារីស៖យន្តហោះចម្បាំងរបស់បារាំងកាលពីម្សិលមិញបានហោះចេញពីនាវាផ្ទុកយន្តហោះ Charles De Gaulle របស់ខ្លួន ដែលទើបតែបានដាក់ពង្រាយនៅភាគខាងកើតតំបន់សមុទ្រម៉េឌីទែរ៉ាណេ កាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីបើកប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។
យោងតាមព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានឲ្យដឹងថា មិនទាន់មានព័ត៌មានលម្អិតណាមួយបានផ្តល់ឲ្យទាក់ទងនឹង ប្រតិបត្តិការវាយប្រហារតាមដែនអាកាសចេញពីនាវាផ្ទុកយន្តហោះ ខ្នាតយក្សនេះនោះទេ។
គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះ Charles de Gaulle ត្រូវបានដាក់ពង្រាយទៅកាន់តំបន់សមុទ្រម៉េឌីទែរ៉ាណេ កាលពីដើមខែវិច្ចិកាកន្លងទៅ ដោយវាតែងតែមានការអមដំណើរដោយ នាវាមុជទឹកវាយប្រហារមួយគ្រឿង, នាវាចម្បាំងជាច្រើនគ្រឿង និងកប៉ាល់ផ្ទុកប្រេងមួយគ្រឿងផងដែរ៕