ភ្នំពេញ៖ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាឆ្នាំនេះ ត្រូវនឹងថ្ងៃទី២៤-២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥។
ដោយយោងតាមឯកសាររបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានឱ្យដឹងថាព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹកនៃប្រាសាទអង្គរទៀតផង។
តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
មានចែងថា៖
ក្នុងសម័យអង្គរ នា គ.ស សតវត្សរ៍ទី១២ នៅកម្ពុជាមានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទ ជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាមដោយកងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជា ឱ្យរួចផុតស្រឡះពីខ្មាំងសត្រូវ (គ.ស១១៧៧-១១៨១) រឿងចម្បាំងគ្រានោះមានឆ្លាក់នៅលើជញ្ជាំងប្រាសាទ បាយ័ន និងបន្ទាយឆ្មារ ។
ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមាដែលមានព្រះឆាយាល័ក្ខណ៍ព្រះបាទជ័យវរ្ម័ន ទី៧ ប្រថាប់ ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោម កងទ័ពទូកទាំងឡាយ។
ឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំ ទំនៀមទម្លាប់លេខ១៩. ០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោមមានចែងថា ៖ សម័យលង្វែក ព.ស ២០៧១ គ.ស ១៥២៨ព្រះបាទអង្គចន្ទទី១ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបាជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់។
ស្តេចក្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុក មានដូចតទៅនេះ ៖
ទាហានជើងទឹកចែកជា៣ក្រុម
– ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង នឹងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។ -ក្រុមទី២ហៅទ័ពជំនួយ ហាត់ច្បាំង នឹងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។
– ក្រុមទី៣ហៅទ័ពបាសាក់ គឺទូកធំមានដំបូល មានចែវ មានក្តោងមានទ្រង់ទ្រាយដូចទូកបាសាក់ ហៅ ទូកប៉ុកចាយតែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល ។ ជាទូកដាក់ស្បៀងអាហារ សម្រាប់កងទ័ព ។
របៀបបង្ហាត់ចម្បាំង “តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម” ស្រេចលើមន្ត្រី៤ទិស “ចតុស្តម្ភ” ដែលមាន នៅក្នុងឱវាទស្និទ្ធភូបាលស្តេចក្រាញ់គ្រប់ជំពូក ដែលមានបញ្ញត្តិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃពេញ បូណ៌មី ខែកត្តិក រដូវអកអំបុកនោះមន្ត្រី៤ទិសត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ ១យប់រាល់ឆ្នាំ។
ចំណែកទាហានជើងទឹក ឱ្យទៅប្រឡងឫទ្ធិឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំង ត្បិតទីនោះមានទីប្រជុំទឹក គ្រប់ ខេត្តទៅមកបានស្រួល។
តាម សៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះអាចសន្និដ្ឋានបានថាប្រទេសកម្ពុជា សម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែនិងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ព នេះជាប្រពៃណី ជាប់រៀងរហូតមកហើយអាចសន្និដ្ឋានបានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះរៀងរហូត មកគឺជាប់តំណ មកពីសមយុទ្ធក្នុងសម័យបុរាណនេះឯង។
ឯកសារខ្លះនិយាយថាព្រះរាជ ពិធីបុណ្យអុំទូកគឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា។ បុណ្យ នេះមានរូបភាពប្រហាក់ប្រហែលនឹងបុណ្យប្រចាំរដូវរបស់ជនជាតិអឺរ៉ុប ដែលមានឈ្មោះថា សាំងហ្សង់ ដែល បច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។
ប្រពៃណីខ្លះមាន ប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិព្រះពុទ្ធជាម្ចាស់ ប៉ុន្តែការបកស្រាយមួយ ដែល អាចយកជាការគ្រប់គ្រាន់គឺក្នុងបំណង «ដឹងគុណដល់ព្រះគង្គា និងព្រះធរណីដែលបានផ្តល់ដល់ជីវភាព រស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញ ដែលយើងនាំគ្នាធ្វើឱ្យកករល្អក់»។
ការបកស្រាយចុងក្រោយនេះគឺដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់នៃ ព្រហ្មញ្ញ សាសនាហើយស្របនឹង ស្ថានភាពភូមិសាស្ត្រជាក់ស្តែងនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាកសិករយើង។
ព្រះរាជពិធីបុណ្យអុំទូកប្រព្រឹត្តទៅនៅ ថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹងរដូវទឹកជំនន់ ដែលក្នុងរយៈពេល ប៉ុន្មានខែហើយបានធ្វើឱ្យបឹងបួទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំ ល្វឹងល្វើយ ហើយក៏បញ្ជាក់ទៀតថាពេល នោះស្រូវក្នុងស្រែកំពុងតែទុំហើយ។ នៅពេលដែលទឹកទន្លេមេគង្គលិចជន់ «សីហា-វិច្ឆិកា» ទឹកជំនន់ដ៏សន្ធឹក សន្ធាប់បានចូលចាក់ស្រោចស្រពបឹងបួតាមរយៈទន្លេសាប ដែលហូរពីត្បូងទៅជើង។
ដល់រដូវទឹកស្រកដែលចាប់ផ្តើមនៅ ខែវិច្ឆិកាទឹកបឹងបួហូរត្រឡប់តាមទន្លេសាបដដែលពីជើងមកត្បូងវិញ។ ជំនន់នៃទន្លេមេគង្គពិសេសជំនន់នៅតាមបឹងបួមានប្រភពមកពីប្រទេសចិន ដ៏សែនឆ្ងាយបានផ្តល់នូវជីវភាព ស្រែចម្ការនៅប្រទេសកម្ពុជា។ដីល្បាប់ដែលបានដោយសារទឹកជំនន់នៃទន្លេ បឹងបួទាំងឡាយបានធ្វើឱ្យដីមាន ជីវជាតិ បង្កបាននូវធនធានសម្បូរបែបនៅក្នុងប្រទេសកម្ពុជា។
ដំណាំ ទាំងឡាយដែលកសិករធ្វើតាមចង្វាក់នៃទឹកស្រកបានផ្តល់នូវផលយ៉ាងច្រើន រាំងស្កាត់នូវគ្រោះទុរ្ភិក្ស និងផ្តល់នូវសុភមង្គល។ដូច្នេះហើយបានជាដល់រដូវទឹកស្រក បុរាណខ្មែរយើងកំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិកជារៀងរាល់ឆ្នាំ រៀបចំពិធីអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដើម្បីសម្តែងនូវមនោ សញ្ចេតនាដឹងគុណទន្លេមេគង្គ និងទន្លេសាបដែលបានផ្តល់ជីវជាតិយ៉ាងសំខាន់បម្រើវិស័យកសិកម្ម។
ព្រះរាជពិធីបុណ្យនេះតែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃគឺពី ថ្ងៃ១៤កើត១៥កើតនិងថ្ងៃ១រោចខែកត្តិក នៅតាមដងទន្លេសាប៕ប្រភព៖CEN